ក្លិបបាល់ទាត់ភ្នំពេញក្រោន បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026 ដែលរៀបចំដោយក្លិប Melaka FC នៅថ្ងៃទី១៥ និងថ្ងៃទី១៧ ខែសីហាខាងមុខ។
ពានរង្វាន់លក្ខណៈមិត្តភាព Pre-Season សម្រាប់ត្រៀមរដូវកាលថ្មីនេះ គឺមានបេក្ខភាព ៤ក្លិប មកពី ៤ប្រទេសចូលរួម ក្នុងនោះមានក្រុមម្ចាស់ផ្ទះ Melaka FC របស់ម៉ាឡេសុី, ក្រុម Jurong FC របស់សិង្ហបុរី, ក្រុម Persik Kediri FC របស់ឥណ្ឌូនេស៊ី និងក្រុមភ្នំពេញក្រោន របស់កម្ពុជា។
ចំពោះកម្មវិធីប្រកួតវិញ ក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្រុម Persik Kediri FC ខណៈក្រុម Melaka FC នឹងត្រូវជួបក្រុម Jurong FC នៅថ្ងៃទី១៥ ខែសីហាស្អែក។ បន្ទាប់មកក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ហើយក្រុមឈ្នះ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៧ ខែសីហា ខាងមុខ នៅកីឡដ្ឋាន Hang Jebat។
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនថា ក្រៅពីការប្រកួតពានរង្វាន់ Pre-Season ដែលមានត្រឹម ២ប្រកួតនេះ ក្លិបនឹងមានការប្រកួតហ្វឹកហាត់មួយទៀត ទល់នឹងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំម៉ាឡេស៊ី មុនត្រឡប់មកកម្ពុជាវិញ ។ ទាំងអស់នេះ លោកបានចាត់ទុកជាការត្រៀមមួយដ៏ល្អ សម្រាប់លីគរដូវកាលថ្មី ដែលនឹងចាប់ផ្ដើមនាដើមខែកញ្ញា ពិសេសសម្រាប់កីឡាករត្រូវការពេលវេលាដើម្បីល្អ ក៏ដូចជាទទួលបានបទពិសោធន៍ល្អៗពីការប្រកួតទាំងអស់នេះផងដែរ៕ អត្ថបទ លី ឈុនឡា


