កណ្ដាល៖ ឯកឧត្តម ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកលើកដែក ខេត្តកណ្ដាល បានរំលឹកទៅប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវពិនិត្យមើលឯកសារ ឲ្យបានច្បាស់លាស់ និងមានគ្រប់តាមតម្រូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បីមានសិទ្ធិបោះឆ្នោត ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស និងកម្មកររោងចក្រ សរុបជិត១០០០នាក់ នៅឃុំកំពង់ភ្នំ និងឃុំព្រែកទម្លាប់ ស្រុកលើកដែក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែខិតជិតមកដល់ហើយ ដូច្នេះអ្នកមានឈ្មោះបោះឆ្នោតត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីបានបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ គឺបានចូលរួមបោះឆ្នោតគ្រប់គ្នា ។
ឯកឧត្តម បន្តថា សម្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា (CPP) ត្រូវបន្តពង្រឹងសាមគ្គីបក្សប្ដូរផ្ដាច់បោះឆ្នោតឲ្យបានទទួលជ័យជំនះបន្តទៀត ដើម្បី CPP មានឱកាសបន្តបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ។
ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា សមាជិកបក្សត្រូវពង្រឹងស្មារតីនិងឆន្ទៈ ហើយបោះឆ្នោតជូនបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពស្មោះត្រង់ តាមគោលការណ៍គណបក្ស “សមាជិកគណបក្សម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក!” ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានជំរុញទៅសមាជិកគណបក្សប្រជាជនទាំងអស់ ទោះជាមន្ត្រីអាជ្ញាធរ និងពលរដ្ឋធម្មតា ត្រូវបន្តធ្វើអំពើល្អ លើពលរដ្ឋផ្សេងៗ ដោយមិនមានការរើសអើងនិន្នាការនយោបាយ ហើយត្រូវបន្តអនុវត្តនូវវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មាន៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជូន ៕ អត្ថបទ បាន សុខរិទ្ធិ