ក្លិបបាល់ទាត់អង់គ្លេស Leicester City កំពុងស្វែងរកម្ចាស់វិនិយោគថ្មី បន្ទាប់ពីត្រូវបានដាក់លក់ក្នុងតម្លៃជាង ២០០លានផោន ខណៈក្រុមហ៊ុនថៃ King Power ដែលកាន់កាប់ក្លិបអស់រយៈពេល ១៦ ឆ្នាំ កំពុងត្រៀមបញ្ចប់ការកាន់កាប់របស់ខ្លួន។
ក្រុមហ៊ុនធនាគារវិនិយោគអាមេរិក Citigroup បានរៀបចំសៀវភៅលក់ក្លិបចំនួន ៨ ទំព័រ ក្រោមចំណងជើង “Project Lineup” ដើម្បីស្វែងរកអ្នកវិនិយោគថ្មី។ ទ្រព្យសម្បត្តិដែលត្រូវបានដាក់បញ្ចូលក្នុងការលក់រួមមាន៖
ឯកសារដែលបានបង្ហាញ បានវាយតម្លៃទ្រព្យសម្បត្តិរូបវន្តរបស់ក្លិបថា មានតម្លៃលើស ២០០ លានផោនប៉ុន្តែមិនបានបញ្ជាក់តម្លៃជាក់លាក់សម្រាប់ការលក់ក្រុមបាល់ទាត់ឡើយ។ សមិទ្ធផលធំៗរបស់ Leicester ត្រូវបានលើកឡើងយ៉ាងច្បាស់ រួមមានការឈ្នះជើងឯក Premier League ឆ្នាំ ២០១៦ និង FA Cup ឆ្នាំ ២០២១។
ប៉ុន្តែឯកសារលក់នេះ មិនបានលើកឡើងពីការធ្លាក់មកលេង League One បន្ទាប់ពី Leicester រងការកាត់ចេញពី Premier League និង Championship ជាប់ៗគ្នានោះទេ។
Citigroup ក៏បានលើកឡើងពីចំណូលរបស់ក្លិប ដែលព្យាករណ៍ថានឹងមានច្រើនជាង ៩៧ លានផោន សម្រាប់ឆ្នាំ ២០២៦។ ទោះជាយ៉ាងណា ឯកសារនេះមិនបានបង្ហាញពីការខាតបង់ជាច្រើនឆ្នាំ និងបំណុលរបស់ក្លិបឡើយ។
តាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២៥ Leicester មានបំណុលធនាគារប្រមាណជាង ១០០ លានផោន។
ក្នុងអំឡុងពេលដែល Leicester ឡើងចុះរវាង Premier League និង Championship ក្លិបបានខាតបង់ជិត ២០០ លានផោន ខណៈពួកគេត្រូវបានកាត់ចេញពី Premier League ពីរលើកក្នុងរយៈពេលត្រឹម ៣ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ
