វាយកូនបាល់៖ កីឡាករវាយកូនបាល់វ័យក្មេងអេស្ប៉ាញ Carlos Alcaraz បានបន្តទំរង់លេងដ៏អស្ចារ្យរបស់ខ្លួនក្នុងឆ្នាំ ២០២២ នេះតាមរយៈជ័យជំនះលើម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូកីឡាករអាល្លឺម៉ង់ Alexander Zverev លើកពាន ATP Madrid Open។

កីឡាករវ័យ ១៩ឆ្នាំរូបនេះមុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្របានទំលាក់រៀមច្បង Rafael Nadal និងកីឡាករលេខ ១ ពិភពលោក Novak Djokovic នៅវគ្គ ៨នាក់ចុងក្រោយ និងពាក់កណ្តាលផ្តាច់ព្រ័ត្រ មុននឹងមកយកឈ្នះ Zverev ៦-៣ និង ៦-១ នៅវគ្គផ្តាច់ព្រ័ត្រនេះ។ នេះជាជើងឯកក្នុងក្របខណ្ឌ ATP Masters 1000 លើកទី២ សំរាប់ Carlos Alcaraz បន្ទាប់ពីទើបឈ្នះជើងឯកនៅ Miami Open ខែមុន និងជាពានទី៤ របស់ខ្លួនក្នុងឆ្នាំ២០២២ នេះ។
Carlos Alcaraz នឹងឡើងមកឈរលេខ ៦ ពិភពលោកក្នុងសប្តាហ៍នេះ។ យ៉ាងណាក្តី Alcaraz បាននិយាយថា គេប្រហែលជាមិនចូលរួមការប្រកួតបន្ទាប់ Rome Masters នៅអ៊ីតាលីឡើយដើម្បីទុកកំលាំងសំរាប់ Grand Slam, French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភានេះ៕
អត្ថបទ៖នាង សុភាវុធ