រដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិរបស់យេម៉ែន និយាយថា ក្រុមឧទ្ទាមហ៊ូធីដែលស្ថិតក្រោមចំណុះអ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិក ៦គ្រាប់លើទីក្រុងកំពង់ផែសមុទ្រក្រហម Mocha កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោច ៤នាក់ ។
រូបភាពវីដេអូឃ្លីបឃើញអគ្គិភ័យដ៏ធំមួយកំពុងឆាបឆេះនៅក្នុងទីក្រុង Mocha ជាមួយនឹងសំឡេងផ្ទុះ ។
ការកើនឡើងអរិភាពរវាងក្រុមឧទ្ទាមហ៊ូធី និងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានកើតមានឡើង ស្របពេលភាពតានតឹងក្នុងតំបន់ឡើងកម្តៅខ្លាំង បង្កឡើងដោយសារសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអីស្រាអែលជាមួយអ៊ីរ៉ង់ ។
ក្រុមឧទ្ទាមហ៊ូធី បានក្លាយជាការប្រឈមដ៏សំខាន់នៅក្នុងសង្រ្គាមមួយនេះ ធ្វើឲ្យកើតមានទស្សនីយភាពនៃការវិលត្រឡប់ទៅរកជម្លោះទ្រង់ទ្រាយធំវិញនៅយេម៉ែន ។
កងកម្លាំងប្រដាប់អាវុធយេម៉ែនស្របជាមួយរដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីលើទីក្រុង Mocha មានគោលដៅលើទីតាំងស៊ីវិល ដោយបានសម្លាប់ភ្នាក់ងារសន្តិសុខម្នាក់នៅកំពង់ផែ ។ ទាហានជើងទឹក ២នាក់ បានបាត់ខ្លួនផងដែរ ហើយជនស៊ីវិល ៨នាក់ផ្សេងទៀត បានរងរបួស ។
សូមបញ្ជាក់ថា យេម៉ែន បានជាប់ផុងទៅក្នុងជម្លោះ ចាប់តាំងពីក្រុមឧទ្ទាមហ៊ូធី ដណ្តើមគ្រប់គ្រងរដ្ឋធានី Sanaa កាលពីឆ្នាំ ២០១៤ ជំរុញឲ្យមានការធ្វើអន្តរាគមន៍ផ្នែកយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅឆ្នាំបន្ទាប់ ៕

