ការវិនិយោគដ៏ធំរបស់ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ដោយគេរំពឹងក្លិបអាចប្រែក្លាយពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់សម្រាប់លីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងចាប់ផ្ដើមការប្រកួតនារដូវកាលថ្មី នាដើមខែកញ្ញាខាងមុខ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមរហស្សនាមដំរីជ័យ បានប្រកាសនាំចូលកីឡាករបរទេសចំណូលថ្មី ៤រូបទៀត កាលពីល្ងាចថ្ងៃទី១៤ ខែសីហា បន្ថែមលើកីឡាករល្អៗ និងមានបទពិសោធន៍ជាច្រើន ដែលក្លិបបាននាំចូលរួមមកពង្រឹងក្រុមត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Conor Nestor។
សមាជិកថ្មី ៤រូប ដែលក្លិបទើបបង្ហាញ រួមមានខ្សែការពារសញ្ជាតិប្រេស៊ីល Matheus Freitas អតីតសមាជិកក្លិបអង្គរថាយហ្គឺរកាលពីរដូវកាលមុន, អតីតខ្សែប្រយុទ្ធដ៏លេចធ្លោររបស់ភ្នំពេញក្រោន Shimizu Shintaro រួមទាំងកីឡាករជប៉ុន ២រូបទៀត រួមមានខ្សែការពារ Takahiro Tezuka ផ្ទេរមកពីក្លិប Bangkok FC និងខ្សែប្រយុទ្ធ Daizo Horikoshi ផ្ទេរមកពីក្លិប NWS Spirit FC នៃលីគទី៣ អូស្ដ្រាលី។
ផ្អែកលើការរុះរើ និងរៀបចំក្រុម ពិសេសការនាំចូលកីឡាករមានគុណភាពជាច្រើន ក្នុងនោះមានកីឡាករអាហ្វ្រិកខាងត្បូងសញ្ជាតិខ្មែរ កាន់ ម៉ូ, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yudai Ogawa, ធារី ចន្ថាប៊ីនប, គួច សុកុម្ភៈ និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ជាដើម ព្រមទាំងកីឡាករចាស់-ថ្មីល្អៗជាច្រើនទៀត បានបង្ហាញពីភាពរឹងមាំគ្រប់តំបន់របស់ក្រុម ចាប់ពីការពារ បម្រើ និងប្រយុទ្ធ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ហើយរំពឹងថា ISI ដង្កោសែនជ័យ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លា និងអាចបង្កគ្រោះថ្នាក់ដល់គូប្រជែងផ្សេងៗ ក្នុងលីគរដូវកាលថ្មី។

បែបនេះក្ដី គ្រូបង្វឹកលោក Conor Nestor នៅមិនទាន់ហ៊ានសន្យាក្នុងការកំណត់គោលដៅស្វែងរកចំណាត់ថ្នាក់ណាមួយក្នុងរដូវកាលថ្មី តែលោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្លិប ដែលមានលោក កាំង សេន ជាប្រធាន បានសម្របសម្រួលឲ្យមានការនាំចូលកីឡាករមានគុណភាពជាបន្ដបន្ទាប់ ។ ឆ្លើយតបនឹងការគាំទ្រពីថ្នាក់ដឹកនាំក្លិបនេះ អ្វីដែលលោកសន្យា គឺលោកប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អជូនក្លិប និងអ្នកគាំទ្រ។
ទន្ទឹមជាមួយការប្រកាសនាំចូលកីឡាករថ្មីនេះដែរ ក្លិប ISI ដង្កោសែនជ័យ ក៏បានធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា លើកាសហការឧបត្ថម្ភ ជាមួយធគារប្រៃសណីយ៍កម្ពុជា ដែលជាជំហានយុទ្ធសាស្ដ្រដ៏សំខាន់មួយទៀត ក្នុងការធានានូវហិរញ្ញវត្ថុ និងពង្រឹងក្លិបកាន់តែរឹងមាំ សម្រាប់រដូវកាលថ្មី ក៏ដូចជាទៅថ្ងៃអនាគតផងដែរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ បានធ្វើឡើងនៅអគារ ISI Tower ក្រោមវត្តមានលោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា៕ អត្ថបទ លី ឈុនឡា





