ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភានេះ មានសប្បុរសជនបីស្ថានប័នផ្សេងគ្នា បានអញ្ជើញបន្តឧបត្ថម្ភថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្រុមទី១,ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ, ទី២,ក្រុមហ៊ុនភ្នំពេញមេឌីខលសឺវីស លីមីតធីត (មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ) ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និងទី៣, Bangkok Airways public company limited. ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ។ ដើម្បីជូនកាកបាទក្រហមកម្ពុជា មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតក្នុងសហគមន៍។
សប្បុរជនទាំងបីក្រុមខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាស ឱ្យពួកគាត់បានចូលរួមចែករំលែកធនធានខ្លះ ក្នុងការងារមនុស្សធម៌មួយនេះនៅក្នុងសង្គម។
ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនៅការសួរសុខទុក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសប្បុរជនទាំងបីក្រុមខាងលើ ដែលបានឧបត្ថម្ភថវិកាទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ ដើម្បីក្រុមការងារអាចបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀតបាន។
លោកជំទាវ អគ្គលេខាធិការងទី១ បានបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាននានា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់»។
ដែលអំណោយបានមកពីការកៀងគរទាំងអស់នោះ គឺយកទៅជួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ដូចជាជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍និងជនមានពិការភាពជាដើម៕





