រដ្ឋមន្ត្រីការបរទេសយេម៉ែន លោកស្រី Afrah al-Zouba បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូទីកាលពីពេលថ្មីៗនេះទៅលើកំពង់ផែ Mokha ដោយព្រមានក្រុមនេះកុំឱ្យយកផ្លូវសមុទ្ររបស់ប្រទេសយេម៉ែនធ្វើជា «ចំណាប់ខ្មាំង»។
នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X លោកស្រី al-Zouba បាននិយាយថាច្រកសមុទ្រ Bab al-Mandeb នឹងមិនក្លាយជាឧបករណ៍សម្រាប់សម្ពាធនៅក្នុងដៃរបស់ក្រុមភេរវករប្រដាប់អាវុធណាមួយឡើយ ហើយទាំងប្រទេសយេម៉ែន ទ្រព្យសម្បត្តិប្រទេស និងផ្លូវសមុទ្ររបស់ខ្លួននឹងពុំមែនជាចំណាប់ខ្មាំងចំពោះសង្គ្រាមបើកចំហដែលបម្រើរបៀបវារៈក្នុងតំបន់របស់អ៊ីរ៉ង់ និងគំរាមកំហែងដល់រដ្ឋជិតខាងនោះទេ។
កាលពីថ្ងៃពុធ រដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានចោទប្រកាន់ក្រុមឧទ្ទាមហ៊ូទីថាបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងធ្វើឱ្យមនុស្ស១០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារពីរលើកលើនាវាដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រ Bab al-Mandeb។
លោកស្រី al-Zouba បាននិយាយថា «ការវាយប្រហារដោយមីស៊ីលបាលីស្ទីកជាថ្មីដោយកងជីវពលភេរវករក្រុមហ៊ូទីលើកំពង់ផែ Mokha និងឆ្នេរសមុទ្រភាគខាងលិច បង្ហាញពីការប៉ុនប៉ងវាយប្រហារលើប្រជាជនយេម៉ែន និងធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់រដ្ឋក្នុងការការពារសន្តិសុខដែនសមុទ្រនៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb និងការធានាបានសុវត្ថិភាពនៃការធ្វើនាវាចរណ៍។
លោកស្រីបាននិយាយបន្ថែមថា ការគាំទ្រចំពោះកងកម្លាំងកងទ័ពជើងទឹក និងឆ្មាំល្បាតឆ្នាររបស់ប្រទេសយេម៉ែន គឺមានសារៈសំខាន់ខ្លាំងក្នុងការធានាពាណិជ្ជកម្មអន្តរជាតិ និងស្ថិរភាពក្នុងតំបន់៕

