អង្គការសុខភាពពិភពលោក(WHO) និយាយថា ការវាយប្រហារលើទីតាំងថែទាំសុខភាព កម្មករ និងអ្នកជំងឺនៅតំបន់ជម្លោះ រួមទាំងនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា បានកើនឡើង អំឡុងឆ្នាំ ២០២៦នេះ ពោលគឺកើនឡើងប្រហែល ៤លើក ក្នុង ១ថ្ងៃ ។
យោងតាមទិន្នន័យបង្ហាញនៅទីក្រុងហ្សែណែវ ប្រទេសស្វីសដោយលោក Altaf Musani គឺជាប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ និងមនុស្សធម៌អង្គការ WHO បានឲ្យដឹងថា មាននូវការវាយប្រហារជាង ៩០០លើកចន្លោះខែមករា និងខែសីហា ក្នុងឆ្នាំនេះ បណ្តាលឲ្យមនុស្សយ៉ាងហោច ៩០០នាក់ ស្លាប់ និងមនុស្សជាង ១.៤០០នាក់ផ្សេងទៀត រងរបួស ។
លោក Musani និយាយថា អ៊ុយក្រែន លីបង់ និងដែនដីកាន់កាប់ប៉ាឡេស្ទីន មានចំនួនច្រើនជាងគេនៃឧបទ្ទេវហេតុរាយការណ៍ទាំងនេះ បើទោះបីជាការវាយប្រហារ ត្រូវបានរកឃើញផងដែរនៅតាមបណ្តាប្រទេសជាច្រើន រួមទាំងនៅអ៊ីរ៉ង់ ស៊ូដង់ មីយ៉ាន់ម៉ា ស៊ីរី នីហ្សេរីយ៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
ចាប់តាំងពីប្រព័ន្ធឃ្លាំមើលអង្គការ WHOមួយនេះ ចាប់ផ្តើមតាមដានឧបទ្ទេវហេតុវាយប្រហារលើប្រព័ន្ធថែទាំសុខភាព កាលពីឆ្នាំ ២០១៨ ការវាយប្រហារជាង ១០.៤០០លើក ត្រូវបានបញ្ជាក់នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២៩ បណ្តាលឲ្យមនុស្សប្រហែល ៥.៧០០នាក់ ស្លាប់ និងមនុស្សជាង ៨.៥០០នាក់ រងរបួស ៕

