ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ង្វៀន វ៉ាន់ក្វាង ប្រធានតុលាការកំពូលវៀតណាមបានថ្លែងថា សន្តិសិទ្ធិតុលាការខេត្តជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម លើកទី៨ ដែលតុលាការកំពូលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសុំវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក៏ដូចជាវិស័យយុត្តិធម៌តុលាការកំពូលរបស់កម្ពុជារួមទាំងវិស័យយុត្តិធម៌ផ្សេងៗទៀតរបស់កម្ពុជាផងដែរ។

ប្រធានតុលាការកំពូលវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់យ៉ាងខ្លាំងក្លារបស់ប្រព័ន្ធតុលាការកម្ពុជាក្នុងការធ្វើជាសេនាធិការបង្កើតជានយោបាយ កិច្ចសហប្រតិបត្តិការជាមួយតុលាការផ្សេងៗ ជាពិសេសការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងព្រំដែន។ ហើយជាការរួមចំណែកយ៉ាងសំខាន់របស់ប្រព័ន្ធតុលាការកម្ពុជាក្នុងការកំណត់ទិសដៅប្រយុទ្ធប្រឆាំងជាមួយបទល្មើសនានា រក្សាសន្តិភាព ស្ថេរភាពរបស់ប្រទេសកម្ពុជា។

ចំណែកឯកឧត្តម ផៃវី ស៊ីបួអាលីផា ប្រធានតុលាការកំពូលឡាវបានអបអរសាទរចំពោះជោគជ័យយ៉ាងធំធេងរបស់តុលាការកំពូលកម្ពុជាដែលបានរៀបចំសន្និសីទតុលាការខេត្តជាប់ព្រំដែនកម្ពុជា ឡាវវៀតណាម លើកទី៨ ក្នុងការពូនជ្រុំទំនាក់ទំនងប្រព័ន្ធតុលាការរវាងប្រទេសទាំងបីកិច្ចសហប្រតិបត្តិការតាមព្រំដែន គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងបីដែលរស់នៅតាមបណ្ដោយព្រំដែនមានសេចក្តីសុខ។ ហើយបញ្ហាជម្លោះដែលកើតមាននៅតាមបណ្ដោយព្រំដែនគឺត្រូវធ្វើការដោះស្រាយតាមប្រព័ន្ធតុលាការរវាងប្រទេសទាំងបី។

ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នៃសន្នសីទតុលាការតាមបណ្ដាខេត្តជាប់រំដែនកម្ពុជា វៀតណាម ឡាវលើកទី៨ ពិតជាបានបង្ហាញឲ្យឃើញថា តុលាការប្រជាជនកំពូលនៃប្រទេសទាំងបីបានខិតខំរួមគ្នាអនុវត្តសេចក្តីប្រកាសរួមលើកទី៧ ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតុលាការរបស់ប្រទេសទាំបី។ សន្និសីទនេះបានលើកយករបៀបវារៈចំនួន៤ ដើម្បីជាការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងរកដំណោះស្រាយតាមរយៈបទពិសោធន៍ពីគ្រប់ភាគីពាក់ព័ន្ធ។ របៀបវារៈចំនួន៤ រួមមានៈ ១. វាយតម្លៃលើស្ថានភាពនិងលទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួមនៃសន្និសីទលើកទី៧ ឆ្នាំ២០២៤។ ២. ការកែតម្រូវបទពិសោធន៍នៃការបង្ការនិងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការជំនុំជម្រះលើរឿងក្តីនេះផងដែរ។ ៣. ការចែករំលែកបទពិសោធន៍នៃការធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាពនៃការដោះស្រាយវិវាទរដ្ឋប្បវេណីពាណិជ្ជកម្មឆ្លងដែន និងទី៤. ការចែករំលែកបទពិសោធន៍លើសំណុំរឿងបទល្មើសគ្រឿងញៀនផងដែរ។

ឯកឧត្កមបានបន្តថា សន្និសីទនេះផ្តល់នៅការពង្រឹងកិច្ចសហប្រតិបត្តិការរបស់តុលាការតាមបណ្តាខេត្តដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជា វៀតណាម ឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នា និងបានរួមចំណែកផ្តល់ឲ្យប្រទេសទាំងបីនៅព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍។ ការអនុវត្តសេចក្តីប្រកាសរួមលើកទី៧ ពាក់ព័ន្ធស្មារតីនិងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃការបង្ការ ការបង្ក្រាប និងការចេញសេចក្តីសម្រេចលើបទល្មើសឆ្លងដែនមានជាអាទិ៍៖ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ការជួញដូរមនុស្សឆ្លងដែន ការកាប់បំផ្លាញព្រៃឈើ ការជួញដូរសត្វព្រៃ និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត ព្រមទាំងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពនៃការដោះស្រាយរឿងក្តីរដ្ឋប្បវេណី និងរឿងក្តីឧក្រិដ្ឋកម្មឆ្លងដែន៕ អត្ថបទ៖ សុភាព
