នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីឡើងវិញលើរថយន្តធុនធំចូលក្នុងម៉ោងហាមឃាត់ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយតទៅ ។
នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ដើមសប្តាហ៍ក្រោយនេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបើកការចុះអនុវត្តការរឹតបន្តឹងច្បាប់ តាមរយៈការប្រើប្រាស់វិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែង លើរថយន្តធុនធំ និងយានយន្តទាំងឡាយណាដែលដឹកទំនិញ ឬឥវ៉ាន់សំពីងសំពោង ងាយបង្កគ្រោះថ្នាក់ជាយថាហេតុ ឬបង្កការកកស្ទះចរាចរណ៍ នៅលើដងផ្លូវសាធារណៈ ។
ការអនុវត្តនេះ ធ្វើឡើងក្រោមបទបញ្ជា និងគោលការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំកម្លាំងជំនាញចុះអនុវត្តផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ ស្របពេលដែលកំណើនគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរកត់សម្គាល់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
វិធានការចុះអនុវត្តដដែលនេះ គឺ នឹងត្រូវធ្វើឡើង ក្នុងភូមិសាស្ត្រខណ្ឌចំនួន០៥ ជាអាទិភាពស្របតាមបំរាមណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមមានខណ្ឌដូនពេញ , ចំការមន , ៧មករា , បឹងកេងកង និងខណ្ឌទួលគោក ជាដើម ស្របពេលដែលមុនការចុះអនុវត្ត កម្លាំងជំនាញ ក៏តែងបានចុះជាប់លាប់ក្នុងការផ្សព្វផ្សាយអប់រំណែនាំអ្នកបើកបរល្មើសទាំងឡាយឲ្យចូលរួមគោរបច្បាប់ឲ្យបានខ្ជាប់ខ្ជួនជាបន្តបន្ទាប់មករហូតដែរ ។
ពលរដ្ឋ គាំទ្រចំពោះការរឹតបន្តឹងច្បាប់ឡើងវិញ ពិសេសវិធានការណ៍តឹងចំពោះរថយន្តធុនធំ និងដឹកសំពីងសំពោងខាងលើនេះឯង ដែលជាកត្តាងាយបង្កឲ្យកើតមានគ្រោះថ្នាក់ ។ ពលរដ្ឋបន្ថែម ការអនុវត្តរបស់សមត្ថកិច្ចអាចទទួលប្រសិទ្ធិភាពទៅបាន គឺទាមទារការចូលរួមគោរពច្បាប់ពីអ្នកដំណើរផងដែរ ទើបធានាបាន ពីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ កាត់បន្ថយបានពីការកើតមានគ្រោះថ្នាក់ ។
គួរបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់ចរាចរណ៍ជាថ្មីឡើងវិញ នឹងត្រូវបានធ្វើឡើងពេញលេញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ស្របពេលដែលគ្រោះថ្នាក់ចរាចរណ៍ បានបន្តការគំរាមកំហែងខ្ពស់ដល់សុវត្ថិភាពចរាចរណ៍សាធារណៈក្នុងពេលបច្ចុប្បន្ននេះ ខណៈត្រឹមរយៈពេល០៦ខែ នៃឆ្នាំ២០២៦ មនុស្សជាង៧០០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ការចុះអនុវត្តរឹតបន្តឹងច្បាប់ពេញលេញឡើងវិញជាថ្មីនេះ គឺនឹងត្រូវធ្វើឡើង ក្នុងក្របខណ្ឌរាជធានីខេត្តចំនួន០៥តែប៉ុណ្ណោះ មានរាជធានីភ្នំពេញជាអាទិ៍ , ខេត្តព្រះសីហនុ , កំពង់ស្ពឺ , កណ្តាល និងខេត្តស្វាយរៀងតែប៉ុណ្ណោះ ៕ អត្ថបទ៖ លីហេង



