ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស ហើយកម្ពុជា កម្ពុជាស្វាគមន៍ការតែងតាំងនេះ។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សា ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រកាសកាលនៅថ្ងៃទី១៤ ខែសីហាថា បន្ទាប់ពីមានការប្រកាសរបស់ដោយតុលាការមជ្ឈត្តិការអចិន្ត្រៃយ៍ តែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា ដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ចំពោះការតែងតាំងនេះ។
កម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ច ដ៏សំខាន់នេះ ហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀត។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ ដែលបានអនុវត្តយ៉ាងម៉ត់ចត់បំផុតនូវដំណើរការ ជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សា។
កម្ពុជាជឿជាក់ថា ដំណើរការផ្សះផ្សានឹងផ្តល់នូវឱកាសសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នាលើបញ្ហាព្រំដែន សមុទ្រ ក៏ដូចជាឱកាសក្នុងការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារលើដែនសមុទ ត្រួតគ្នា។ ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងពីរ គឺស្ថិតក្នុងខណៈពេលដ៏សំខាន់សម្រាប់សន្តិសុខ ថាមពលក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ហើយនឹងបន្តផ្តល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS។ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នេះ រួមមានសមាសភាពអ្នកផ្សះផ្សាឯករាជ្យ ចំនួនប្រាំរូប។ កម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksøe-Jensen និងសាស្ត្រាចារ្យ Jean-Marc Thouvenin ចំណែកប្រទេសថៃបានតែងតាំងចៅក្រម Rudiger Wolfrum និង Albert Hoffmann ជា អ្នកផ្សះផ្សា។ អ្នកផ្សះផ្សាទាំងបួនរូបបានតែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការ ផ្សះផ្សា ដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងសងខាង។
ដោយពេលនេះមានការរៀបចំគណៈកម្មការផ្សះផ្សារួចរាល់ហើយ ដំណើរការផ្សះផ្សារំពឹងថានឹង បន្តការងារទៅមុខជាមួយនឹងការកោះប្រជុំជាលើកដំបូងស្តីពីនីតិវិធីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕ អត្ថបទ៖ វ៉ាន់
