ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកថ្មបាំង ខេត្តកោះកុង បានក្រើនរំលឹក ដល់សមាជិកសមាជិកាគណបក្ស ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន និងគប្បីរកដំណោះស្រាយ ជូនពួកគាត់ឲ្យបានទាន់ពេលវេលាខណៈដែលពួកគាត់ជួបបញ្ហាអ្វីមួយនោះ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ទៀ សុខា បានលើកឡើងថា ក្នុងនាមជាសមាជិក សមាជិកាគណបក្ស គប្បីត្រូវអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ប្រៀបបានដូចជាភ្លៀងរលឹមជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកថ្មបាំង ក៏បានលើកឡើងផងដែរថា ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ, តំណាងក្រុមការងារបក្ស និងមេឃុំទាំង៦ នៅស្រុកថ្មបាំង ត្រូវស្វែងរកដំណោះស្រាយបន្ថែមសំដៅធ្វើឱ្យការងារបម្រើប្រជាពលរដ្ឋកាន់តែរលូនល្អបន្ថែមទៀតផងដែរ៕










