កងកម្លាំងប្រដាប់អាវុធឡាតវី និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា យន្តហោះចម្បាំងដែលចុះបេសកកម្មការពារដែនអាកាសអង្គការណាតូ បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងហោះចូល ដែនអាកាសប្រទេសឡាតវី ដែលជាសមាជិករបស់ណាតូ និងសហភាពអឺរ៉ុប កាលពីព្រឹកថ្ងៃសុក្រ ។
កងកម្លាំងប្រដាប់អាវុធឡាតវី បានដកចេញការប្រកាសអាសន្នពីការគំរាមកំហែងដែនអាកាស សម្រាប់តំបន់ជិតព្រំដែនរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លំាងប្រដាប់អាវុធឡាតវី ពុំបានផ្តល់សេចក្តីលម្អិតភ្លាមៗនោះទេពីយានដ្រូនមួយគ្រឿងនេះ ឬពិភពដើមរបស់វា ។
ដោយឡែក ក្រសួងការពារជាតិហ្វាំងឡង់និយាយនៅលើបណ្តាញព័ត៌មានសង្គម X ថា ប្រទេសហ្វាំងឡង់ ដែលជារដ្ឋសមាជិកមួយទៀតរបស់សហភាពអឺរ៉ុប និងអង្គការណាតូ ហើយនិងមានព្រំដែនជាប់ជាមួយរុស្ស៊ីដែរនោះ បានរឹតត្បិតតំបន់ សម្រាប់ការធ្វើចរាចរណ៍លើអាកាស នៅតំបន់ឈូងសមុទ្រភាគខាងកើតរបស់ខ្លួន ជាវិធានការប្រុងប្រយ័ត្នទុកជាមុន ប្រឆាំងនឹងលទ្ធភាពរបស់យានដ្រូន ។
សូមបញ្ជាក់ថា បណ្តាប្រទេសជិតខាងរុស្ស៊ី និងអ៊ុយក្រែន បានចេញការប្រកាសអាសន្នការគំរាមកំហែងដែនអាកាស ហើយនិងបានបាញ់ទម្លាក់យានដ្រូនជាបន្តបន្ទាប់ ពេលដែលទីក្រុងមូស្គូ និងទីក្រុងគីវបន្តវាយប្រហារគ្នាទៅវិញទៅមក ក្រោយការវាយលុកពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភះ ឆ្នាំ ២០២២ ៕

