ភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានធ្វើឲ្យអ្នកដំណើររាប់ពាន់នាក់ ជាប់ខ្លួនក្នុងអាកាសយានដ្ឋាន Narita របស់ទីក្រុងតូក្យូ ប្រទេសជប៉ុន ស្របពេលដែលទឹកជំនន់នៅជុំវិញទីនោះ បង្អាក់ដល់ការដឹកជញ្ជូន កាត់ផ្តាច់ចរន្តអគ្គិសនីទៅកាន់គេហដ្ឋានរបស់ប្រជាពលរដ្ឋ ហើយនិងបានឆក់យកអាយុជីវិតមនុស្សយ៉ាងហោច ៨នាក់ ។
ភ្លៀងកម្ពស់ ៣៦០មីលីម៉ែត្រ បានធ្លាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ តាមតំបន់ជាច្រើនរបស់ខេត្ត Chiba ស្ថិតនៅជាប់នឹងទីក្រុងតូក្យូ ធ្វើឲ្យជន់លិចដងផ្លូវ និងផ្លូវរថភ្លើង ក្នុងនោះទាហានត្រូវបានដាក់ពង្រាយ ដើម្បីជួយកិច្ចខិតខំជួយសង្រ្គោះ ។
មន្ត្រីក្នុងតំបន់បាននិយាយថា លំនៅឋានជាច្រើនខ្នងបានរងការខូចខាត ហើយភ្លៀងធ្លាក់ខ្លាំងនៅតំបន់នេះ ចាប់តាំងពីល្ងាចថ្ងៃព្រហស្បតិ៍រហូតមក ។
ក្រុមអាជ្ញាធរ បានចេញការព្រមានគ្រាអាសន្នកម្រិតទី ៥ ដែលជាកម្រិតអតិបរមាសម្រាប់ភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុង និងទីប្រជុំជនចំនួន ២២នៅទូទាំងខេត្ត Chiba ។ ពួកគេនិយាយថា ចំនួនអ្នកស្លាប់រួមមានទាំងអ្នកនៅក្នុងរថយន្តមួយគ្រឿង ។
មន្ត្រីខេត្តនិយាយថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានយ៉ាងហោចណាស់ ១៧០ខ្នង ហើយលំនៅឋានមួយខ្នងត្រូវបានបំផ្លាញ ។
អ្នកនាំពាក្យអាកាសយានដ្ឋាននិយាយថា ការបង្អាក់ការដឹកជញ្ជូន បណ្តាលឲ្យមនុស្សប្រហែល ៧ពាន់នាក់ជាប់ខ្លួននៅអាកាសយានដ្ឋាន Narita ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន និយាយថា ជើងហោះហើរមួយចំនួនអាចនឹងពន្យាពេលការហោះហើរ ប៉ុន្តែគ្មានការរំពឹងដល់ការលុបចោលនោះទេ ៕

