ប្រធានអាជ្ញាធរប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃសុក្រថា ការឈ្លានពានកាន់តែខ្លាំងឡើងដោយកងទ័ពអ៊ីស្រាអែល និងអ្នកតាំងទីលំនៅនៅតំបន់វេសបែង ( West Bank) កំពុងបំផ្លាញទស្សនវិស័យសន្តិភាព។
អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានថ្កោលទោសចំពោះការវាយប្រហារថ្មីៗនេះនៅក្នុងទីក្រុង Qusra ក្នុងខេត្ត Nablus ការឡោមព័ទ្ធគ្រួសារប៉ាឡេស្ទីន និងការប៉ុនប៉ងបង្កើតកន្លែងតាំងទីលំនៅនៅលើដីដែលជាកម្មសិទ្ធិរបស់ប៉ាឡេស្ទីន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនផ្លូវការ WAFA។
អ្នកនាំពាក្យរូបនេះបាននិយាយថា ការវាយប្រហារទាំងនេះ រួមជាមួយនឹងសកម្មភាពផ្សេងទៀតរបស់អ៊ីស្រាអែលនៅទូទាំងតំបន់វេសបែង និងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត គឺជាសញ្ញានៃការកើនឡើងដ៏គ្រោះថ្នាក់ដែលកំណត់គោលដៅលើប្រជាជនប៉ាឡេស្ទីន និងដីរបស់ពួកគេ និងធ្វើប៉ះពាល់ដល់ទស្សនវិស័យសម្រាប់សន្តិភាព និងស្ថិរភាព។ នេះបើយោងតាមរបាយការណ៍របស់ WAFA។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យ«ទទួលខុសត្រូវ» ដោយដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់«ការឈ្លានពានដ៏ទូលំទូលាយ» របស់ខ្លួន។
នាព្រឹកថ្ងៃសុក្រ ប្រភពព័ត៌មានប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានរារាំងសកម្មជនអ៊ីស្រាអែល និងបរទេសមួយចំនួនមិនឲ្យទៅដល់ផ្ទះចំនួនបីខ្នង ដែលត្រូវបានឡោមព័ទ្ធដោយអ្នកតាំងលំនៅឋានអស់រយៈពេលប្រហែលមួយសប្តាហ៍ នៅក្នុងភូមិ Qusraនៃតំបន់ Ras al-Ain ភាគខាងត្បូងទីក្រុង Nablus៕

