អេស្ប៉ាញបានពង្រឹងវត្តមានរបស់នគរបាលនិងយោធា នៅក្នុងតំបន់ Ceuta នៃទ្វីបអាហ្វ្រិកខាងជើងរបស់ខ្លួន ចំពេលមានសារនៅលើបណ្តាញសង្គមលើកទឹកចិត្តជនអន្តោប្រវេសន៍ឲ្យព្យាយាមបំពានព្រំដែនដ៏ធំមួយទៀតនៅថ្ងៃសៅរ៍នេះ រយៈពេលពីរសប្តាហ៍បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានប្រញាប់ប្រញាល់ចូលទៅក្នុងទីក្រុងនេះ។
ទាហានស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធបានឈរយាមនៅខាងក្រៅផ្សារទំនើប និងអគារផ្លូវការ នៅល្ងាចថ្ងៃសុក្រ ខណៈដែលរថយន្តនគរបាលបានល្បាតយ៉ាងសកម្មនៅតាមដងផ្លូវសំខាន់ៗនៃតំបន់នោះ។ ទោះបីយ៉ាងណាក៏ដោយ ហាងកាហ្វេក្រៅផ្ទះមានមនុស្សច្រើនកុះករ ហើយតំបន់កណ្តាលទីក្រុងមានភាពស្ងប់ស្ងាត់ បើប្រៀបធៀបទៅនឹងស្ថានភាពដ៏តានតឹងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការសម្រុកចូលមកកាន់ទីក្រុងនេះបណ្តាលឲ្យមានមនុស្សស្លាប់នៅថ្ងៃទី ៣០ ខែកក្កដា។
នៅម្ខាងទៀតនៃព្រំដែន បុគ្គលិកសន្តិសុខម៉ារ៉ុករាប់សិបនាក់ដែលស្លៀកពាក់ខ្មៅ បានឃ្លាំមើលឆ្នេរនៃទីក្រុង Fnideq ជាកន្លែងដែលជនអន្តោប្រវេសន៍ជាច្រើនដែលហែលទឹកជុំវិញទំនប់ Tarajal របស់តំបន់ Ceuta បានចាកចេញ។ យ៉ាងហោចណាស់មនុស្ស ៩០នាក់ បានស្លាប់ នៅក្នុងការប៉ុនប៉ងនេះ ហើយមនុស្សជាង ៧២.000 នាក់ បានចូលទៅក្នុងទីក្រុង Ceuta។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលអេស្ប៉ាញ។
ខណៈពេលដែលភាគច្រើនលើសលប់នៃពួកគេ បានវិលត្រឡប់ទៅប្រទេសម៉ារ៉ុកវិញដោយស្ម័គ្រចិត្តភ្លាមៗ បន្ទាប់ពីនោះ វិបត្តិនេះបានបង្កឲ្យមានការបែកបាក់ក្នុងសហភាពអឺរ៉ុប និងជំរុញឲ្យមានវោហាសាស្ត្រប្រឆាំងនឹងអន្តោប្រវេសន៍ក្នុងចំណោមគណបក្សស្តាំនិយមជ្រុលទូទាំងពិភពលោក៕

