ហ្វូងសត្វបក្សីសមុទ្រដែលមានជម្រកនៅតំបន់ទឹកសម្បូរសារធាតុចិញ្ចឹមជិតឆ្នេរសមុទ្រប្រទេសប៉េរូ និងឈីលី បានផ្លាស់ទីជម្រករបស់ពួកវា ទៅកាន់ឆកសមុទ្រប៉ាណាម៉ា ស្របពេលបាតុភូតអែល នីញ៉ូ បានធ្វើឲ្យទឹកសមុទ្រឡើងក្តៅនៅតំបន់ភាគខាងកើតប៉ាស៊ីហ្វិក ហើយនិងធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់ចំណីសមុទ្រ ។
សត្វស្លាបទាំងនេះ បានមកដល់ក្នុងចំនួនដ៏ច្រើនខុសពីធម្មតា ក្រោយទឹកឡើងកម្តៅបានធ្វើឲ្យត្រីចុះទឹកកាន់តែជ្រៅ បង្ខំឲ្យបក្សីសមុទ្រហើរទៅស្វែងរកចំណីកន្លែងផ្សេង ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា វត្តមានរបស់សត្វស្លាបទាំងអស់នេះ គូសបញ្ជាក់ពីភាពងាយរងគ្រោះនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ ធ្វើឲ្យផ្លាស់ប្តូរសីតុណ្ហភាពសមុទ្រ ហើយនិងការស្វែងរកចំណី ជាហេតុធ្វើឲ្យសត្វព្រៃផ្លាស់ទីជម្រករបស់ពួកវា ។
បាតុភូតអែល នីញ៉ូ ដែលធ្វើឲ្យសីតុណ្ហភាពផ្ទៃទឹកសមុទ្រឡើងក្តៅនៅមហាសមុទ្រប៉ាស៊ីហ្វិកនោះ បានធ្វើឲ្យផ្លាស់ប្តូរលំនំាអាកាសធាតុសកលផងដែរ ហើយនិងរួមចំណែកដ៏សំខាន់ ក្នងុការធ្វើឲ្យសីតុណ្ហភាពខ្ពស់ជាងមុន ។
ទីភ្នាក់ងារអាកាសធាតុអង្គការសហប្រជាជាតិ(UN) បានព្រមានថា បាតុភូតអែល នីញ៉ូ ត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងក្លាឡើង នៅខែសីហានេះ ៕

