ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ "សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨" នៅរាជធានីភ្នំពេញប្រកបដោយជោគជ័យ។ អង្គសន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ផៃវី ស៊ីប៊ុលលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូតុលាការនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម ឡាវ រួមទាំងថ្នាក់ដឹកនាំ ចៅក្រម ក្រឡាបញ្ជី និងមន្រ្តីរាជការនៃតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃការរៀបចំធ្វើម្ចាស់ផ្ទះនៃសន្និសីទនេះប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមនឹងប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងគណៈប្រតិភូ ត្រូវបានរាជានុញ្ញាតឱ្យចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទ សម្ដេចនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបនឹងសមិទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមកនេះ អង្គសន្និសីទលើកទី៨នេះ នៅតែបន្តផ្តោតការយកចិត្តទុកដាក់ចំណុចជាអាទិភាពសំខាន់ៗដូចខាងក្រោម ៖
១-ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង តុលាការនៃប្រទេសទាំងបី ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១០ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដោយធានានូវសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន។
២-ការបង្កើនប្រសិទ្ធភាពនៃការចាត់ការលើសំណុំរឿងនៃបទល្មើសឆ្លងដែន ដែលជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃបទល្មើសមានលក្ខណៈជាបណ្តាញ ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស, បទល្មើសធនធានធម្មជាតិ, ការដោះស្រាយវិវាទរដ្ឋប្បវេណីនិងពាណិជ្ជកម្មឆ្លងដែនជាដើម។
អង្គសន្និសីទបាននាំមកនូវផលប្រយោជន៍ជាសារវ័ន្តជាច្រើនជូនដល់ស្ថាប័នតុលាការ ប្រជាពលរដ្ឋ និងប្រទេសជាតិរៀងៗខ្លួន ជាអាទិ៍ ៖ (១) មានយន្តការទំនាក់ទំនងនិងសម្របសម្រួលរវាងតុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ការបញ្ជូនឯកសារតុលាការ និងការប្រមូលឬផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែនឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។ (២) ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការត្រួតពិនិត្យគ្រឿងញៀន, ការបង្រ្កាបអំពើជួញដូរមនុស្ស និងការការពារធនធានធម្មជាតិជាដើម។ (៣) ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។ (៤) ការដោះស្រាយវិវាទរដ្ឋប្បវេណីនិងពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន និង(៥) លើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋ។ បន្ថែមពីលើនេះ ផ្អែកលើទិន្នន័យនៃការកើនឡើងនៃបទល្មើសព្រហ្មទណ្ឌ និងវិវាទផ្នែករដ្ឋប្បវេណីឆ្លងដែន អង្គសន្និសីទទទួលស្គាល់ថា ពិតជាមានការចំបាច់ណាស់ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងបី។
ជាលទ្ធផល អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទនូវ «សេចក្តីប្រកាសរួមនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលជាសក្ខីកម្មបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព និងបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជននៃប្រទេសរៀងៗខ្លួន។
ទន្ទឹមនឹងនេះ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបទ្វេភាគីដាច់ដោយឡែកជាមួយប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសមភាគីអំពីស្ថានការណ៍ជាក់ស្តែង ពាក់ព័ន្ធនឹងអំពើឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ពីសំណាក់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាព។ ឯកឧត្តមប្រធាន បានគូសបញ្ជាក់អំពីទុក្ខវេទនា និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ ហើយក្នុងនោះប្រជាពលរដ្ឋជិត ២ម៉ឺននាក់ មានទាំងស្ត្រីនិងកុមារ ដែលរហូតមកទល់ពេលនេះ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញនៅឡើយ។ ក្នុងនាមតុលាការកំពូលកម្ពុជា ឯកឧត្តមប្រធាន បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រពេញទំហឹងរាល់វិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សិទ្ធិសេរីភាព និងសន្តិសុខជូនប្រជាពលរដ្ឋ តាមរយៈយន្តការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
គួររំលឹកផងដែរថា សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ បានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ២០១០ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយបានព្រមព្រៀងប្តូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀងរាល់ ២ឆ្នាំម្តង៕





