សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេល ជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
អមជាមួយវីដេអូសំណេះសំណាលដែលសម្ដេចបានបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ ចំគោលដៅដែលសហគមន៍ចង់បាន។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងទៀតថា ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹង និងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរនាពេលខាងមុខ។ និយាយអោយខ្លី និងសាមញ្ញ គឺ "បង្រៀនសហគមន៍អោយចេះរកស៊ី" ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតអោយពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង៕





