ដើម្បីប្រសិទ្ធភាពនៃការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ កាន់មានប្រសិទ្ធភាពបន្ថែមទៀត នោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់បន្តចូលរួមរាយការណ៍អំពីបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសបទល្មើសពាក់ព័ន្ធនឹងOnline Scamធ្វើយ៉ាងណាឱ្យកងកម្លាំងមានសមត្ថកិច្ច អន្តរាគមន៍ និងបង្ក្រាបបានទាន់ពេលវេលា។
ការអំពាវនាវរបស់អភិបាលក្រុងសិរីសោភណ្ឌនេះធ្វើឡើងក្នុង វេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ជូនដល់សង្កាត់អូរអំបិល និងសង្កាត់ទឹថ្លា ដែលជាសង្កាត់ចុងក្រោយនៃសង្កាត់ទាំង៧ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជាង២០០នាក់ នៅវត្ត សុភមង្គល ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៦។
ជាមួយគ្នានេះលោក ស្រេង សុផល បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមនឹងបងប្អូនប្រជាពលរដ្ឋដែលកន្លងមកបានចូលរួមយ៉ាងផុសផុលក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពប្រសិទ្ធភាព។
ទន្ទឹមនឹងនេះដែរ លោកក៏បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរមូលដ្ឋាននៅក្នុងសង្កាត់ទាំង៧ ភូមិរួមនឹងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តសហការ រាយការណ៍ពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Sacms) នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧។ មួយវិញទៀតតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ទីតាំងប្រមូលផ្ដុំ បើសិនជាមានជនបរទេសដែលមកស្នាក់នៅ ឬធ្វើការនៅក្នុងមូលដ្ឋានរបស់ខ្លួនសូមរាយការណ៍មកអាជ្ញាធរដើម្បីចុះធ្វើរដ្ឋបាល ។ ហើយបើមានការសង្ស័យថា នូវទីតាំងណាមួយមានការបង្កប់នូវករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សូមរាយការមកកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ បាន ចក់






