រដ្ឋាភិបាលគាំទ្រដោយយោធារបស់មីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃសៅរ៍ ១៥ សីហា ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង៣០០.០០០ នាក់ដែលរស់នៅក្នុងជំរំនានាក្នុងប្រទេសបង់ក្លាដែស គឺជាអតីតអ្នកស្រុកនៅភាគខាងលិចរដ្ឋរ៉ាឃីន ហើយថាខ្លួននឹងទទួលយកការវិលត្រឡប់របស់ពួកគេ នៅពេលដែលស្ថានភាពសន្តិសុខមានភាពប្រសើរឡើង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានកើតឡើង ខណៈវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចូលដល់ឆ្នាំទីប្រាំបួនរបស់ខ្លួន ដោយជនភៀសខ្លួនរាប់ម៉ឺននាក់នៅតែរស់ក្នុងជំរំនានាក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីរត់គេចខ្លួនពីសហភាពមីយ៉ាន់ម៉ាក្នុងខែសីហា ឆ្នាំ២០១៧ នៅពេលដែលយោធាបានបើកការបង្ក្រាបបន្ទាប់ពីការវាយប្រហារដោយក្រុមឧទ្ទាមបះបោររ៉ូហ៊ីងយ៉ាលើប៉ុស្តិ៍យាមនៅរដ្ឋរ៉ាឃីន។
ប្រតិបត្តិការនេះបានជំរុញឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧០០.០០០នាក់ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស ដោយចូលរួមជាមួយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតដែលរស់នៅទីនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បន្ទាប់ពីរលកនៃអំពើហិង្សាកាលពីកន្លងទៅដែលប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ា។
ទំហំ ការរៀបចំ និងភាពសាហាវយង់ឃ្នងនៃប្រតិបត្តិការនេះបាននាំឱ្យមានការចោទប្រកាន់ពីបទបោសសម្អាតជនជាតិភាគតិច និងការប្រល័យពូជសាសន៍ពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផងដែរ។
ប្រទេសមីយ៉ាន់ម៉ា ដែលកាលពីកន្លងទៅត្រូវបានគេស្គាល់ថាជាប្រទេសភូមា មិនទទួលស្គាល់ជនជាតិរ៉ូហ៊ីងយ៉ាថាជាជនជាតិភាគតិចស្របច្បាប់មួយក្នុងចំណោមជនជាតិភាគតិចចំនួន ១៣៥ របស់ប្រទេសនោះទេ ផ្ទុយទៅវិញ ហៅពួកគេថាជាជនជាតិបេងហ្គាលី ដើម្បីបញ្ជាក់ថាពួកគេជាជនជាតិដើមមកពីប្រទេសបង់ក្លាដែស ហើយបានតាំងទីលំនៅខុសច្បាប់ក្នុងប្រទេសមីយ៉ាន់ម៉ា៕


