នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត សាយ៉ា ម៉ាអ៊ូ ព្យួកាឡា (Saia Ma`u Piukala) នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
ក្នុងឱកាសជួបពិភាក្សានេះ ភាគីទាំងពី២ បានចែករំលែកអំពីការឆ្លុះបញ្ចាំងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពជាសកលលើកទី៩ ដ៏មានសារៈសំខាន់ និងពិភាក្សាអំពីកិច្ចសហការរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល ដោយផ្តោតសំខាន់ទៅលើអាទិភាពមួយចំនួន ដូចជាការថែទាំសុខភាពបឋម ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការជំរុញក្នុងការធ្វើបរិវត្តកម្មសុខាភិបាលឌីជីថល និងបញ្ញាសប្បនិម្មិត (AI)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា កម្ពុជា ស្វាគមន៍ចំពោះការជួយគាំទ្រ ទាំងជំនួយបច្ចេកទេស និងអ្នកជំនាញ ចំពោះការចូលរួមជាមួយគ្នាដើម្បីបន្តពង្រឹង និងកាន់តែបង្កើនភាពធន់នៃប្រព័ន្ធសុខាភិបាលកម្ពុជា ក៏ដូចជាថ្នាក់តំបន់។
បន្ថែមពីនេះ អង្គការសុខភាពពិភពលោកប្រចាំតំបន់ បានផ្តល់ការវាយតម្លៃខ្ពស់អំពីវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដែលក្រសួងសុខាភិបាល បានរៀបចំរៀងរាល់រសៀលថ្ងៃអង្គារ សម្រាប់គ្រប់កម្រឹតដឹកនាំសុខាភិបាលទាំង២៥ខេត្ត ក្រុង ហើយវគ្គទាំងអស់ (មកទល់ពេលនេះសរុប ១២៧វគ្គ) បាន និងបន្តផ្តល់សារៈសំខាន់ក្នុងការបង្កើនចំណេះដឹង និងចំណេះធ្វើបន្ថែម សម្រាប់មន្រ្តីសុខាភិបាល និងអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ចាប់ពីថ្នាក់ជាតិរហូតដល់សហគមន៍។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញ ឯកឧត្តមវេជ្ជបណ្ឌិត សាយយ៉ា ម៉ាអ៊ូ ព្យួកាឡា ដើម្បីចូលរួម និងចែករំលែកបទពិសោធន៍ ក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ផងដែរ តាមពេលវេលាសមស្របរបស់ ឯកឧត្តមនាយកប្រចាំតំបន់៕ អត្ថបទ រដ្ឋា


