ក្រុមមន្រ្តីសង្រ្គោះបន្ទាន់រដ្ឋ Indiana និយាយថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ដោយសារព្យុះដ៏ខ្លាំងក្លា និងទឹកជំនន់ដែលបានវាយប្រហាររដ្ឋ Indiana របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ។
មន្ទីរប្រតិបត្តិការសង្រ្គោះបន្ទាន់និយាយថា នៅក្នុងចំណោមអ្នកស្លាប់ រួមមានមនុស្សស្រី ៣នាក់ និងមនុស្សប្រុស ៣នាក់ ក្នុងនោះមានកុមារអាយុ ៤ឆ្នាំម្នាក់ផងដែរ ។ ចំណែកឯរឿងរ៉ាវលម្អិតបន្ថែមទៀតពីពេលវេលា និងមូលហេតុបណ្តាលឲ្យមនុស្សស្លាប់ នៅត្រូវបញ្ជាក់តាមក្រោយ ។
លោក Mike Braun គឺជាអភិបាលរដ្ឋ Indiana មកពីគណបក្សសាធារណៈ និយាយថា លោកបាននិយាយទៅកាន់លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍ ហើយលោក Trump និយាយប្រាប់លោកវិញថា លោកនឹងឯកភាពលើសំណើរបស់រដ្ឋសម្រាប់ការប្រកាសសង្រ្គោះបន្ទាន់ប្រធានាធិបតី ដើម្បីសុំជំនួយសហព័ន្ធ ។
គួរឲ្យដឹងថា ព្យុះភ្លៀងដ៏ខ្លាំងក្លា បានបោកបក់ឆ្លងកាត់តំបន់ Midwest របស់សហរដ្ឋអាមេរិក ក្នុងសប្តាហ័នេះ បណ្តាលឲ្យមនុស្សជិត ១លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ កាលពីថ្ងៃអង្គារនៅទូទាំងរដ្ឋ Illinois, Indiana, Ohio និងរដ្ឋ Kentucky ៕

