ព្យុះសង្ឃរាLala បានបោកបក់ខិតមកជិតរដ្ឋហាវ៉ៃជាមួយនឹងកម្លាំងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលថ្ងៃសៅរ៍ បណ្តាលឲ្យអតិថិជនប្រើប្រាស់សេវាសាធារណៈជាង ៤ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ស្របពេលដែលមន្ទីរព្យុះសង្ឃរាជាតិព្រមានពីស្ថានភាពគំរាមកំហែងដល់អាយុជីវិត។
គេហទំព័រ Poweroutage.com បង្ហាញតួលេខអតិថិជន ៤២.៨៨៩នាក់ គ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមវេលាម៉ោង២ និង ១៤នាទី រសៀល ម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ត្រូវនឹងម៉ោង ០០ និង ១៤នាទី ម៉ោងសកលថ្ងៃអាទិត្យ នៅរដ្ឋហាវ៉ៃ រួមទាំងអតិថិជន ៣១.៧៩២នាក់ នៅកោះ Big និងអតិថិជន ៧.២០៣នាក់ នៅស្រុក Maui ដែលរួមទាំងកោះMaui, Lanai និងកោះ Molokai ។
សេចក្តីជូនដំណឹងពីមន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកកាលពីវេលាម៉ោង ២រសៀល ម៉ោងក្នុងស្រុក ថ្ងៃសៅរ៍ បានព្យាករពីភ្លៀងធ្លាក់កម្ពស់ចន្លោះពី២៥,៤សង់ទីម៉ែត្រ ដល់ ៥១សង់ទីម៉ែត្រ នៅលើកោះ Bigក៏ដូចជាលទ្ធភាពនៃភ្លៀងធ្លាក់នៅទីនោះ កម្ពស់រហូតដល់ ៦៣,៥សង់ទីម៉ែត្រ ។ ខណៈពេលនោះដែរក្រុមហ៊ុនអគ្គិសនីរដ្ឋហាវ៉ៃ បានព្រមានអតិថិជនពីការរំពឹងទុកដល់លទ្ធភាពនៃការដាច់ចរន្តអគ្គិសនីបន្ថែមទៀតពេញមួយយប់ពេលដែលប្រព័ន្ធព្យុះធ្វើដំណើរឆ្ពោះទៅទិសខាងលិច ឆ្លងកាត់រដ្ឋហាវ៉ៃ ៕

