ការដាក់ពង្រាយកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃធំបំផុតពុំធ្លាប់មានជាប់កំណត់ត្រានៅបែលហ្ស៊ិក ក្នុងនោះកងទ័ពត្រូវបានចូលរួមដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីទូទាំងប្រទេស និងមកពីប្រទេសជិតខាងអាល្លឺម៉ង់ ។
អ្នកនាំពាក្យរដ្ឋបាលតំបន់និយាយភាសាបារំាង Wallonia របស់បែលហ្ស៊ិក និយាយថា ភ្លើងឆេះព្រៃនៅតំបន់ High Fens ដែលជាតំបន់អភិរក្សធម្មជាតិធំបំផុតរបស់បែលហ្ស៊ិក រងការឆាបឆេះចាប់តាំងពីថ្ងៃសុក្រហូតមក ហើយគិតត្រឹមរសៀលថ្ងៃសៅរ៍ វាបានឆាបឆេះដីព្រៃអស់ ១.៦០០ហិចតា ។
ទិន្នន័យពីប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃអឺរ៉ុប បង្ហាញថា វាគឺជាភ្លើងឆេះព្រៃធំបំផុតជាប់កំណត់ត្រានៅបែលហ្ស៊ិក ពោលគឺធំជាងភ្លើងឆេះព្រៃកាលពីឆ្នាំ ២០១១ ពេលដែលវាឆាបឆេះដីព្រៃជិត ១.៤០០ហិចតា ។
លោក Nicolas Yernaux គឺជាអ្នកនាំពាក្យរដ្ឋបាលសាធារណៈបែលហ្ស៊ិក និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជិត ២០០នាក់ បាននឹងកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃ ហើយជំនួយអាចនឹងស្នើសុំបន្ថែមទៀតពីបរទេស ។
លោក Yernaux និយាយប្រាប់ទូរទស្សន៍បែលហ្ស៊ិក RTL ថា អឺរ៉ុបទាំងមូលកំពុងឆាបឆេះ ហេតុដូច្នេះហើយអ្នករាល់គ្នាត្រូវការធនធានផ្ទាល់ខ្លួនរបស់ពួកគេ ៕

