ក្តីសង្ឃឹមក្នុងការស្វែងរកអ្នករស់រានមានជីវិតពីការរញ្ជួយដីដែលបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ីកាលពី៧ថ្ងៃមុនកំពុងថយចុះកាលពីថ្ងៃសៅរ៍ ខណៈសាកសពជាច្រើនទៀតត្រូវបានទាញចេញពីគំនរថ្មនៃអគារបានដួលរលំដោយសារតែការរញ្ជួយដីកម្រិត៧,៤ រ៉ិចទ័រដែលបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ ឬបាត់ខ្លួន។
ការរញ្ជួយដីនេះបានវាយប្រហារភ្លាមៗបន្ទាប់ពីម៉ោង ៧និង៣០នាទីព្រឹកកាលពីថ្ងៃចន្ទ ១០សីហា នៅទីក្រុង San Jose del Palmar ដោយបានផ្តួលរំលំអគារអឹផាតមិន និងបំផ្លាញសាលារៀន ព្រះវិហារ មន្ទីរពេទ្យ និងផ្ទះសម្បែងចាប់ពីកំពង់ផែ Buenaventura ប៉ាស៊ីហ្វិករហូតដល់តំបន់ដំណាំកាហ្វេរបស់ប្រទេសកូឡុំប៊ី និងទីក្រុងធំៗនៅភាគខាងលិច។
យោងតាមការប៉ាន់ប្រមាណជាផ្លូវការកាលពីយប់ថ្ងៃសៅរ៍ មនុស្សប្រហែល ២៩៤ នាក់បានស្លាប់១៤០នាក់ទៀតបាត់ខ្លួន និងជិត៤.០០០នាក់ទៀតរងរបួស។ ជាងពីរភាគបីនៃការស្លាប់ស្ថិតនៅក្នុងទីក្រុង Cali និង Pereira។
ដោយមានប្រជាជនជាង ២ លាននាក់ Cali គឺជាទីក្រុងធំបំផុតទីបីរបស់ប្រទេសកូឡុំប៊ី។ ក្រុមអ្នកជួយសង្គ្រោះបានបន្តការស្វែងរកដល់ពេលព្រឹក ដើម្បីជីកកកាយតាមគំនរកម្ទេចថ្ម ឥដ្ឋ និងដែកដើម្បីស្វែងរកអ្នកនៅបាត់ខ្លួន ខណៈអ្នកផ្សេងទៀតកំពុងសម្អាតស្រុកភូមិរបស់ពួកគេ ដោយប្រើអំបោស និងប៉ែល៕


