សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីជំនួបរបស់សម្ដេចជាមួយនឹងឯកឧត្តម កឹម សុខា រួមនឹងភរិយា និងកូនស្រីផងដែរ។ សម្ដេចសរសើរថាក្មួយស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។

តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មុនឯកឧត្តម កឹម សុខា បានមកជួបសម្ដេចនៅផ្ទះមុនពេលគាត់ទៅសួរសុខទុក្ខកងទ័ព និងជនភៀសសឹក ហើយថ្ងៃនេះរួមជាមួយលោកជំទាវ និងកូនស្រី ឯកឧត្តម កឹម សុខា មកសួរសុខទុក្ខសម្ដេចម្តងទៀត។
សម្ដេចតេជោបន្តថា សម្ដេច និងលោក កឹម សុខា ជក់និយាយគ្នារហូត៣ម៉ោង (ម៉ោង៩ ដល់១២) ដោយនិយាយច្រើនជាមួយក្មួយស្រី កឹម មនោវិទ្យា។
សម្ដេចតេជោថ្លែងសរសើរថា ក្មួយស្រី កឹម មនោវិទ្យា ពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិ។
សូមជំរាបផងដែរថា កាលពីថ្ងៃសុក្រកន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏មានជំនួបមួយដែរជាមួយនឹងលោកស្រី កឹម មនោវិទ្យា។ សម្ដេចធិបតីបញ្ជាក់ថា ជំនួបនោះគឺជជែកលើកិច្ចការមួយចំនួនដែលក្នុងនាមជាអ្នកនយោយបាយជំនាន់ថ្មីដូចគ្នា គឺអាចរួមសហការគ្នាធ្វើ ដើម្បីឧត្ដមប្រយោជន៍ជាតិ៕





