ក្រសួងការបរទេសកាតា បានច្រានចោលទាំងស្រុងការអះអាងរបស់ទីក្រុងតេអេរ៉ង់ថា អ្នកបើកបរយន្តហោះទម្លាក់គ្រាប់បែកអ៊ីរ៉ង់ ត្រូវបានឃាត់ខ្លួនដោយសម្ងាត់ បន្ទាប់ពីការធ្លាក់យន្តហោះរបស់ពួកគេ អំឡុងអរិភាពកាលពីដើមឆ្នាំនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍បំភាន់ការពិតពីក្រុមមន្រ្តីអ៊ីរ៉ង់ ហើយលោកបានបញ្ជាក់ឡើងវិញថា កងកម្លាំងកាតា ពុំបានឃុំខ្លួនយានិកនៅរស់ណាម្នាក់នោះទេរបស់អ៊ីរ៉ង់ ។
លោក Majed al-Ansari គឺជាអ្នកនាំពាក្យក្រសួងការបរទេសកាតានិយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងសូមបដិសេធយ៉ាងដាច់អហង្ការចំពោះអំណះអំណាងផ្សព្វផ្សាយពាក់ព័ន្ធនឹងការឃុំឃាំងអ្នកបើកបរយន្តហោះអ៊ីរ៉ង់ ហើយនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍បំភាន់ការពិតទាំងនេះ ស្របពេលមានកិច្ចខិតខំ និងគំនិតផ្តួចផ្តើមកំពុងបន្ត មានគោលបំណងធ្វើឲ្យថមថយភាពតានតឹងនៅក្នុងតំបន់ ។
សេចក្តីថ្លែងការណ៍របស់លោក បានកើតមានឡើង បន្ទាប់ពីការទាមទារជាសាធារណៈពីទីក្រុងតេអេរ៉ង់ ឲ្យស្វែងរកការដោះលែងក្រុមយានិករបស់ពួកគេ ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Fars បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Mohammad Bagherzadeh គឺជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ និយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើរជូនគណៈកម្មាធិការកាតបាទក្រហមអន្តរជាតិថា អ្នកបើកបរយន្តហោះ ៣រូប គឺលោក Javad Salehi, Abdolmajid Dashtian និងលោក Omran Behraveshian ត្រូវបានចាប់ខ្លួនទាំងរស់ក្រោយយន្តហោះទម្លាក់គ្រាប់បែក Su-24 របស់ពួកគេ បានធ្លាក់កាលពីខែមីនា ៕

