សាកសពមនុស្ស ២៦នាក់បន្ថែមទៀត ត្រូវបានរកឃើញពីនាវាចម្លងមួយគ្រឿងដែលបានលិចនៅក្នុងបឹងក្នុងប្រទេសហ្ស៊ីបបាវ៉េ កាលពីថ្ងៃអង្គារ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុបកើនឡើងដល់ ៧២នាក់ ។
ការស៊ើបអង្កេតនគរបាលបាន លើកឡើងថា នាវាចម្លងមួយគ្រឿងនេះ ផ្ទុកមនុស្សលើសចំណុះ ពេលដែលវាក្រឡាប់នៅក្នុងបឹង Kariba ។ នាវាមួយគ្រឿងនេះ ដឹកមនុស្សប្រហែល ១៥៣នាក់ ប៉ុន្តែចំណុះអតិបរមាអនុញ្ញាតរបស់វា មានត្រឹមអ្នកដំណើរ ៩០នាក់ប៉ុណ្ណោះ ។
យោងតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ ZBC បានឲ្យដឹងថា នៅក្នុងចំណោមជនរងគ្រោះ រួមមានកុមារ ១៨នាក់ ។ លោកកាពីទែន Sign Patsikadova វ័យ ៥៩ឆ្នាំ ស្ថិតនៅក្នុងចំណោមមនុស្សស្លាប់ ។
ក្រុមអាជ្ញាធរនិយាយថា ប្រតិបត្តិការរុករក បានពាក់ព័ន្ធនឹងក្រុមអ្នកមុជទឹក មន្រ្តីយោធា និងក្រុមប្រជានេសាទក្នុងស្រុក ។
ក្រុមមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ និយាយថា មនុស្ស ៧៧នាក់ ត្រូវបានសង្រ្គោះភ្លាមៗក្រោយនាវាក្រឡាប់ ។ ភាគច្រើននៃពួកគេ ត្រូវបាននាំទៅកានកោះក្បែរនោះ មុនពេលបញ្ចូនបន្តទៅកាន់មន្ទីរពេទ្យនៅទីក្រុង Kariba ។
ក្រុមអ្នករស់រាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្យល់បក់ខ្លាំងបានធ្វើឲ្យមានរលកធំៗបោកផ្ទប់នាវា ធ្វើឲ្យនាវាចូលទឹក ភ្លាមៗក្រោយពេលចេញដំណើរ ។ អ្នកដំណើរបានជំរុញឲ្យប្រតិបត្តិករវិលត្រឡប់ទៅច្រាំងវិញ ប៉ុន្តែនាវានៅតែបន្តដំណើរទាំងមានទឹកក្នុងនាវា មុនពេលវាលិចតែម្តង ៕

