កណ្ដាល ៖ ខណៈដែលស្ថានភាពទីផ្សារ និងទីប្រជុំជននានាក្នុងខេត្តកណ្តាល កំពុងមានសភាពស្ងប់ស្ងាត់ ដោយសារការព្រួយបារម្ភនឹងការរាតត្បាតកូវីដ១៩ បានធ្វើអោយបណ្តាប្រជាពលរដ្ឋវ័យលើស៦០ឆ្នាំ បានបន្តនាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបាននាំគ្នាប្រកាន់ខ្ជាប់ការពាក់ម៉ាស់ លាងដៃអាកុលជែល រក្សាកន្លាត នៅពេលចេញដើរនៅទីសាធារណៈនានា។
បើពិនិត្យស្ថានភាពជារួម បណ្តាអាជ្ញាធរមូលដ្ឋាននៅក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី២២ ខែមីនានេះ បានធ្វើសកម្មភាពចុះត្រួតពិនិត្យស្ថានភាពការទប់ស្កាត់កូវីដ១៩ នៅតាមមូលដ្ឋានអាជីវកម្ម ការប្រកបរបរតូចធំនានា របស់ប្រជាពលរដ្ឋ និងបង្កើនការពង្រឹងការពារសន្តិសុខនៅតាមបណ្តាមណ្ឌលចត្តាឡីស័ក នានា ខណៈនៅថ្ងៃនេះ ដែរគេសំគាល់ឃើញបណ្តាមូលដ្ឋានអាជីវកម្ម ទីតាំងប្រកបរបររស៊ីតូចធំនានា របស់ប្រជាពលរដ្ឋមួយចំនួនខ្លះទៀត បានបន្តបិទហាងជាបណ្តោះអាសន្ន ។ ដោយឡែកសម្រាប់ហាងអាជីវកម្មដែលបើកដំណើរការ គឺគេបានបង្កើនការពារកូវីដ១៩ដោយ តម្រូវអោយអោយអតិថិជនរបស់គេត្រូវតែពាក់ម៉ាស់ ឈរចាំនៅក្រៅខ្សែចងខណ្ឌរក្សាគន្លាត និងមានដាក់ដប់ទឹកអាកុលជែល និងដាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ១៩ជាដើម។
ដើម្បីការពារខ្លួនរួចផុតពីកូវីដ១៩នេះ ពលរដ្ឋមកពីស្រុកកោះធំ ក៏ដូចពលរដ្ឋនៅក្នុងក្រុងតាខ្មៅដែរ ដែលចេញដំណើរប្រកបរកស៊ីនៅក្រៅផ្ទះ គេបានការពារខ្លួនពាក់ម៉ាស់ ដាក់ទឹកអាកុលជែល ជាប់ខ្លួន ហើយខ្លះទៀត បាននាំគ្នាសាកសួរគ្រូពេទ្យ និងសម្រុកទៅចាក់ថ្នាំវ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណេកា សម្រាប់មនុស្សវ័យ៦០ឆ្នាំឡើងទៅ។
បើតាមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានថ្លែងថា កន្លងមកមន្ទីរសុខាភិបាលខេត្តកណ្តាល បានទទួលវ៉ាក់សាំងកូវីសែល សម្រាប់ចាក់ជូនមនុស្សចាស់២៥០០០នាក់ ហើយគិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនានេះ ទូទាំងខេត្តកណ្តាលបានចាក់វ៉ាក់សាំងកូវីសែលនេះបានចំនួនជាង១៩៤៧០នាក់ ហើយនៅសល់វ៉ាក់សាំងអាចចាក់ជូនមនុស្សចាស់ចំនួនជាង៥០០០នាក់បន្ថែម នៅក្នុងជុំទី១នេះ។ ដោយឡែកសម្រាប់វ៉ាក់សាំងស៊ីណូហ្វាម វិញបន្តចាក់សំរាប់អ្នកមកទទួលដូសទី២។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែមីនានេះ ក្រសួងសុខាភិបាលបានប្រកាសករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៧៣នាក់ ក្នុងនោះ ខេត្តកណ្តាលបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុបចំនួន៣នាក់ ក្នុងនោះ ក្រុងតាខ្មៅ មានចំនួន២នាក់ និងស្រុកកណ្តាលស្ទឹងមានចំនួន១នាក់ ៕
អត្ថបទ ៖ ស៊ុម សុខជា