
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកកើតជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្នគឺនៅសល់តែជាង២០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស ខណៈកម្ពុជាគ្មានករណីឆ្លងរយៈពេលបីថ្ងៃជាប់ៗគ្នា។
យោងតាមសារសំឡេងពិសេសនៅព្រឹកថ្ងៃទី១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាភាពជោគជ័យធំបំផុតរបស់កម្ពុជា ប៉ុន្តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិបន្តឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវនាំមកវិញនូវ ជំងឺកាចសាហាវនេះ ដោយគ្មានការប្រុងប្រយ័ត្ននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមសហការ និងបរិច្ចាគថវិកាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ស្របតាមការណែនាំរបស់អាជ្ញាធរ ខណៈការ ចាក់វ៉ាក់សាំងនេះហើយបានធ្វើឲ្យកម្ពុជារួចផុតពីគ្រោះមហន្តរាយដោយសារមេរោគកូវីដ-១៩៕