ប្រធានសមាគមចំនួនពីរ ជួបជាមួយសហគ្រិន និងម្ចាស់អាជីវកម្ម ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយអាជីវកម្ម លើខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្កង់ផលិតផលិផលលើទីផ្សារ ជាពិសេសការស្វែងយល់ និងការហែករបាំងបច្ចេកទេសជំរុញការ នាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសបន្ថែម។

ថ្នាក់ដឹកនាំសមាគម សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម នៅចុងសប្តាហ៍កន្លងមកនេះ បានបើកកិច្ចពិភាក្សា និងពិគ្រោះ យោបល់ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមថ្លៃដើមផលិតកម្មដូចជា (ថ្លៃដើមផលិត, ពង្រឹងគុណភាពនិងស្តង់ដារ, ការប្រើប្រាស់ បច្ចេកវិទ្យា និងរបាំងបច្ចេកទេសទីផ្សារ) ក្នុងគោលដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា ជុំវិញការផលិតនៅក្នុងដំណាក់កាលចុង ក្រោយនេះឃើញថា ល្បឿននៃការផលិតរបស់សហគ្រាសក្នុងស្រុកមានការកើនឡើងគួរកត់សម្គាល់ បើធៀបនៅពេលផ្ទុះឡើងនៃវិបត្តិ ជំងឺកូវីដ-១៩ និងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ, តែទោះបីយ៉ាងណាសហគ្រិនទាំងអស់គឺត្រូវការជំនាញពិត និងជំនាញទន់ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ននេះទុនវិនិយោគនៅមានកម្រិត ដើម្បីពង្រីកអាជីវកម្មបន្ថែម ដែលបញ្ហានេះសមាគមនិងស្វែងរកកិច្ចសហការជាមួយ ក្រសួងស្ថាប័ន និងដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងនៃការទទួលឥណទាន ក្នុងគោលដៅជំរុញការផលិតឱ្យកាន់តែធំ និងមានគុណភាព សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។
ឯកឧត្តមបន្ថែមថា ជាក់ស្តែងកិច្ចពិភាក្សារវាងសមាគមអភិវឌ្ឍន៍សង្គមខ្មែរ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ជាមួយ សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម គឺដើម្បីឱ្យពួកគាត់បានស្វែងយល់បន្ថែមពីទីផ្សារនាំចេញ ជាពិសេសស្តង់ដារអនាម័យ និង ភូតគាមអនាម័យ ការបង្កើនគុណភាពផលិតផល និងបង្កើតម៉ាកយីហោឱ្យមានភាពជឿជាក់ ក្នុងគោលដៅហែករបាំងបច្ចេកទេស ជំរុញការនាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសឱ្យកាន់តែច្រើន។
ចំណែកម្ចាស់អាជីវកម្ម បានបង្ហាញនូវមោទនភាពខណៈដែលពលរដ្ឋកម្ពុជា បាននិងកំពុងងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុក ធ្វើឱ្យចលនាការផលិត នៅក្នុងខ្សែច្រវាក់ផលិតកម្មកំពុងបន្តមានកំណើន លើការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង ឱកាសពង្រីកទីផ្សារក្រៅស្រុកបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ផលិតផលជាតិ និងគាំទ្រដល់កសិករដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុ ដើមផងដែរ។
ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា លើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះផលិតផល ខ្មែរបានហូរចូលលើទីផ្សារគួរកត់សកម្គាល់ ក្នុងនោះក៏មានផលិតផលមួយចំនួនបានកំពុងនំាចេញទៅក្រៅស្រុកផងដែរ ជាក់ស្តែងក្នុង រយៈពេល២ឆ្នាំមកនេះ ផលិតផលខ្មែរបាននាំចេញទៅកាន់ទីផ្សារកូរ៉េជាបន្តបន្ទាប់ ព្រោះសមាគមមានដៃគូរសហការដើម្បីជួយសម្រួល ដល់ការនាំចេញផលិតផលរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




