ក្រុមបាល់ទាត់នារីកាមេរូន បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក Women’s Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីយកឈ្នះក្រុមដែលបង្ករការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ ម៉ាឡាវី ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។
កីឡាការិនី Marie Ngah បានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គទី១ ជួយឱ្យកាមេរូនគ្រប់គ្រងការប្រកួត និងបញ្ចប់ការរង់ចាំពានរង្វាន់របស់ពួកគេ។
កាមេរូនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៣ លើក ប៉ុន្តែបានរងនឹងបរាជ័យទាំងអស់។ លើកនេះ ពួកគេអាចសម្រេចបានជោគជ័យនៅលើកទី៤ ខណៈម៉ាឡាវីបានបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបនេះជាលើកដំបូង ហើយបានបង្កើតដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
កាមេរូន និងម៉ាឡាវី សុទ្ធតែបានកក់កៅអីទៅកាន់បាល់ទាត់នារីពិភពលោក Women’s World Cup នៅប្រេស៊ីលឆ្នាំក្រោយជាមួយម៉ារ៉ុក និងអាល់ហ្សេរី។ អាល់ហ្សេរីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះដោយបាល់ ១១ ម៉ែត្រកាត់សេចក្តីកាលពីថ្ងៃសៅរ៍។
ក្រោយការប្រកួត ប្រធាន FIFA Gianni Infantino បានចូលរួមប្រគល់មេដាយដល់ក្រុមកាមេរូន ដោយមានប្រធាន CAF Patrice Motsepe ចូលរួមផងដែរ។ កីឡាការិនីមួយចំនួនថែមទាំងបានស្នើសុំថតរូបជាមួយ Infantino។
ជាមួយជ័យជម្នះនេះ កាមេរូនក្លាយជាប្រទេសទី៤ ដែលឈ្នះបាល់ទាត់នារីទ្វីបអាហ្រ្វិកនេះចាប់តាំងពីពាននេះបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៨។ ប្រទេសដែលធ្លាប់ឈ្នះរួមមាន នីហ្សេរីយ៉ា ១០ ដង អេក្វាទ័រីយ៉ាល់ហ្គីណេ ២ ដង អាហ្វ្រិកខាងត្បូង ១ ដង និង កាមេរូនឆ្នាំនេះ៕ អត្ថបទ៖នាង សុភាវុធ







