ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីទំនួសខុសត្រូវ និងការគិតគូរចំពោះជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
យោងតាមPage ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បាចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះបញ្ជាក់ថា «ពុក(សម្តេចតេជោ ហ៊ុន សែន)ប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជីវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ដោយតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភានេះ។
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា «ទោះជាពុកមានទំនួលខុសត្រូវជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់, ទុក្ខសោកនៃការបាត់បង់បងប្រុសបង្កើតដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។ ក្នុងនាមប្រជាពលរដ្ឋទាំង ១៧ លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនង អាស៊ាន-អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ»។
ទន្ទឹមជាមួយគ្នានោះ បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កំពុងរង់ចាំជួបសម្តេចក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ៕


