បាល់ទាត់៖ ក្រុមបាល់ទាត់ U23 កម្ពុជាបានចាប់ផ្តើមប្រកួតដំបូងនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាមួយនឹងជំនឿចិត្តតាមរយៈជ័យជម្នះ ៤-១ លើ U23 ឡាវ។ ខ្សែប្រយុទ្ធបឹងកេត សៀង ចន្ធា បើកការនាំមុខឱ្យកម្ពុជាតាំងពីនាទីទី៤ ដែលជាការអូសបាល់ទៅម្នាក់ឯងយ៉ាងអស្ចារ្យ មុនពេលដែលខ្សែការពារឡាវ Anantaza ភ្លាត់ស្នៀតចូលទីខ្លួនឯង ១០នាទីបន្ទាប់។

ឈានដល់វគ្គទី២ គី រីណា បន្ថែមការនាំមុខឱ្យកម្ពុជា ៣-០ នៅនាទីទី៦៤ តែឡាវក៏តបបានមួយគ្រាប់វិញដោយ Phouvieng Phounsavath បីនាទីបន្ទាប់។ មិនទាន់អស់ទេ កម្ពុជាក៏រកបានគ្រាប់បង្ហើយរបស់ខ្លួនដោយ អ៊ីម សំអូន ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់កីឡាករមកពីគិរីវង់សុខសែនជ័យ ខ្ចីជើងពីភ្នំពេញក្រោន។ ជ័យជម្នះនេះបានក្លាយជាទន់មួយសំរាប់កម្ពុជា មុនបន្តជួបជាមួយក្រុមខ្លាំងផ្សេងៗទៀតនៅក្នុងពូល B នេះរួមមានសិង្ហបុរី ថៃ និងម៉ាឡេស៊ី។

ងាកមកមួយប្រកួតទៀតក្នុងពូល B នេះដែរថៃរកបានជ័យជម្នះដំបូងរបស់ខ្លួន បន្ទាប់ពីភ្លាត់ស្នៀតចាញ់ម៉ាឡេស៊ី ២-១ ចុងម៉ោងកាលពីប្រកួតបើកឆាក។ លើកនេះក្រុមរបស់លោក Alexandre Polking មិនឱ្យភ្លាត់ឱកាស ៣ពិន្ទុឡើយដោយបានបំបាក់ក្រុម U23 សិង្ហបុរី ៥-០។ សរុបពិន្ទុក្នុងពូលនេះថៃលេង ២ប្រកួតមាន ៣ពិន្ទុឈរលើគេ ខណៈកម្ពុជា និងម៉ាឡេស៊ីលេង ១ប្រកួតមាន ៣ពិន្ទុផងដែរឈរលេខ២ និងលេខ៣។ ប្រកួតបន្ទាប់នៅក្នុងពូល B នេះ កម្ពុជាត្រូវជួបសិង្ហបុរីស្អែកនេះ ខណៈម៉ាឡេស៊ីជួបឡាវ៕
អត្ថបទ៖នាង សុភាវុធ