ឃីកបុកស៊ីង៖ ក្រុមកីឡាឃីកបុកស៊ីងជម្រើសជាតិកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ថ្ងៃទី២ ជាមួយលទ្ធផលមិនសូវគាប់ប្រសើរឡើយ បន្ទាប់ពីកីឡាករ-កីឡាការិនី ៤រូបចុងក្រោយដែលធ្វើការប្រកួតជុំដំបូងកាលពីថ្ងៃទី០៩ ខែឧសភាម្សិលមិញបានទទួលជ័យជម្នះតែម្នាក់ប៉ុណ្ណោះ។

កីឡាករកម្ពុជាដែលទទួលបានជ័យជម្នះនេះគឺកីឡាករ ឈឿង ល្វៃ ដែលបានយកកីឡាករសិង្ហបុរី Nazri Bin Sutari Muhammad ដោយពិន្ទុដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានកក់មេដាយសំរឹទ្ធលើវិញ្ញាសា ៧១គីឡូក្រាម បន្ទាប់ពីធ្វើការប្រកួតដ៏ស្វិតស្វាញពេញ ៣ទឹក។ រីឯកីឡាករ-កីឡាការិនី ៣រូបទៀតដែលរបូតឱកាសឡើងវគ្គបន្ដរួមមានកីឡាករ ខាំ ខ្លានាង ប្រកួតចាញ់ពិន្ទុកីឡាករម៉ាឡេស៊ី Masdor Mohammad Rifdean ដោយពិន្ទុលើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម, កីឡាករ ឈុត វ៉ាន់ថង ចាញ់ម្ចាស់ផ្ទះវៀតណាមកីឡាករ Nguyen Quang Huy ដោយពិន្ទុលើវិញ្ញាសាទម្ងន់ ៦០គីឡូក្រាម និងកីឡាការិនី ទូច ចាន់វត្តី ចាញ់កីឡាករថៃ Namrak Surachada ដោយពិន្ទុលើវិញ្ញាសាទម្ងន់ ៥៦គីឡូក្រាម។
សរុបលទ្ធផលរបស់ក្រុមអត្តពលិកកីឡាឃីកបុកស៊ីងកម្ពុជា បន្ទាប់ពីបញ្ចប់ការប្រកួតជុំដំបូងក្នុងចំណោមកីឡាករ-កីឡាការិនី ៩រូបគឺមាន ៥រូបបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមានកីឡាករ ឈឿង ល្វៃ រួមជាមួយមិត្តរួមជាតិកីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង និង សាន រ៉ាគីម ដែលដណ្ដើមបានជ័យជម្នះក្នុងការប្រកួតថ្ងៃទី១ ខណៈម្នាក់ទៀតគឺកីឡាករ លន់ បញ្ញា ដែលបានចាប់ឆ្នោតឈរចាំវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបានកក់មេដាយសំរឹទ្ធក្នុងដៃផងដែរ៕ អត្ថបទ៖ លី ឈុនឡា

