មីយ៉ាន់ម៉ា៖ នៅតំបន់ដាច់ស្រយាលស្ថិតនៅភាគអាគ្នេយ៍សហភាពមីយ៉ាន់ម៉ា ការឈ្លានពានរបស់កងទ័ពបានធ្វើឲ្យ អ្នកស្រុកជនជាតិភាគតិចការ៉ែនយ៉ាងហោច ៨ពាន់នាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលជាទង្វើមួយត្រូវបានក្រុមជំនួយមនុស្សធម៌ចាត់ទុកថា ជាភាពរំជើបរំជួលដ៏អាក្រក់បំផុតនៅទីនោះ ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ។

ក្រុមអ្នកភូមិដែលបានជម្លៀសខ្លួនបច្ចុប្បន្នកំពុងរស់នៅក្នុងព្រៃ ទាំងការព្រួយបារម្ភពីបញ្ហាសុខភាព និងសន្តិសុខរបស់ពួកគេ ដោយគ្មានសង្ឃឹមថា នឹងអាចវិលត្រឡប់មកកាន់ភូមិដ្ឋានរបស់ពួកគេវិញឡើយ។ វាមិនមែនត្រឹមតែ នៅក្នុងទីក្រុងសហភាពមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ដែលយោធាប៉ះទង្គិចជាមួយប្រជាពលរដ្ឋខ្លួន កងទ័ពបានពង្រីកអំណាចរបស់ខ្លួន ដល់ស្រុកយ៉ាងហោចចំនួន២ នៅរដ្ឋដាច់ស្រយាលការ៉ែនចាប់តាំងពីឆ្នាំ២០១៧ រហូតមក ដោយពួកគេបានសាងសង់មូលដ្ឋានថ្មី និងធ្វើផ្លូវព្យាយាមគ្រប់គ្រងតំបន់មួយនេះ។ អង្គការជំនួយមនុស្សធម៌អះអាងថា រយៈពេល ២-៣ខែចុងក្រោយនេះ ចំនួនទាហាន និងសកម្មភាពឈ្លានពានរបស់ពួកគេបានកើនឡើងគួរឲ្យកត់សំគាល់។
កងកម្លាំងប្រដាប់អាវុធនៅរដ្ឋការ៉ែន ឬក្រុមឧទ្ទាម KNLA បានវាយបកមកកងកម្លាំងរដ្ឋាភិបាល ធ្វើឲ្យកងទ័ពមីយ៉ាន់ម៉ាបង្កើនការវាយប្រហាររបស់ពួកគេ និងផ្លោងគ្រាប់កាំភ្លើងធំជុំវិញភូមិអ្នកស្រុក។ គួរឲ្យដឹងថា រដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលឈ្នះឆ្នោតរបស់លោកស្រី Aung San Suu Kyi បានធ្វើឲ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំង ដល់ដំណើរសន្តិភាពដ៏ផុយស្រួយ ដើម្បីបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍រវាងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ ក្រុមជីវពលជាង ២០ក្រុមបានធ្វើសង្គ្រាមជាមួយយោធាសហភាពមីយ៉ាន់ម៉ា ក្នុងគោលបំណងគ្រប់គ្រងតំបន់ជនជាតិភាគតិច នៅតាមបណ្ដោយព្រំដែនដែលរួមទាំងនៅរដ្ឋសាន, កាឈីន,ការ៉ែន និងរដ្ឋរ៉ាឃីន៕
អត្ថបទ៖ សារ៉ាត់