រុស្ស៊ី៖ យោងតាមលោក Mike Muller ដែលជាប្រធានទីភ្នាក់ងារថាមពល Vitol អាស៊ី ដែលជាពាណិជ្ជករប្រេងឆៅឯករាជ្យធំបំផុតរបស់ពិភពលោក ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបានកាត់បន្ថយការផលិតប្រេងឆៅ ១លានបារ៉ែលចេញពីការផលិតរបស់ខ្លួនជារៀងរាល់ថ្ងៃ ប៉ុន្តែនោះគ្រាន់តែជាការធ្លាក់ចុះតិចតួច បើប្រៀបធៀបទៅនឹងផលប៉ះពាល់ដែលបានព្យាករណ៍។

រុស្ស៊ីកំពុងផលិតប្រេងឆៅបានប្រហែល ១១លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ថ្ងៃដែលខ្លួនបានលុកលុយអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ ក្នុងនោះបាននាំចេញប្រមាណ ៧លានបារ៉ែលក្នុងមួយថ្ងៃ។ ប៉ុន្តែការដាក់ទណ្ឌកម្ម និងពហិការផលិតផលរបស់ខ្លួនបានរំខានដល់ពាណិជ្ជកម្ម និងកាត់បន្ថយតម្រូវការ ដោយបង្ខំឲ្យរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់របស់ខ្លួន។ សហភាពអឺរ៉ុបក៏កំពុងរៀបចំផែនការលើបម្រាមនាំចូលប្រេងឆៅពីរុស្ស៊ីទាំងស្រុងផងដែរ។ រុស្ស៊ីរកចំណូលបាន ៦៦ពាន់លានដុល្លារពីការនាំចេញឥន្ធនៈហ្វូស៊ីលក្នុងរយៈពេល ២ខែចាប់តាំងពីចូលវាយប្រហារអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតដែលចេញផ្សាយកាលពីសប្តាហ៍មុន។ ប្រហែលពាក់កណ្ដាលនៃប្រាក់ចំណូលចំនួន ១៤៧ពាន់លានដុល្លារដែលខ្លួនបានកត់ត្រាគឺសម្រាប់តែក្នុងឆ្នាំ២០២១ ប៉ុណ្ណោះ ខណៈតម្លៃថាមពលបានហក់ឡើងនៅឆ្នាំនេះ។ លោក Muller បាននិយាយនៅក្នុងបណ្ដាញសង្គមថា នៅមានប្រទេសជាច្រើននៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនដែលមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី៕
អត្ថបទ៖ សុខមាន