ស្រីលង្កា៖ នាយករដ្ឋមន្ត្រីស្រីលង្កាលាលែងពីតំណែង ស្របពេលការតវ៉ាជុំវិញវិបត្តិសេដ្ឋកិច្ចនៅតែបន្ត លោកនាយករដ្ឋមន្ត្រីស្រីលង្កា Mahinda Rajapaksa បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ក្រោយការតវ៉ាបន្តបន្ទាប់ជាច្រើនសប្ដាហ៍ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

ប្រទេសនេះត្រូវបានរង្គោះរង្គើដោយភាពចលាចលស៊ីវិលចាប់តាំងពីខែមីនា បង្កឲ្យមានបាតុកម្មជាច្រើនរហូតក្លាយជាអំពើជាហិង្សា ស្របពេលកំហឹងបានផ្ទុះឡើងដោយសារតែកំហុសរបស់រដ្ឋាភិបាល ចំពោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីការប្រកាសឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ នគរបាលបាននិយាយកាលពីថ្ងៃចន្ទថា បម្រាមគោចរទូទាំងប្រទេសត្រូវបានអនុវត្ត បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សកាន់អំណាច និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុងកូឡុំបូ។ ការរឹតបន្តឹងនេះត្រូវបានប្រកាសភ្លាមៗមុនពេលលោកនាយករដ្ឋមន្ត្រី Rajapaksa ប្រកាសលាលែងពីតំណែង។

យោងតាមនគរបាលជាតិឲ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានវាយប្រហារ លើរថយន្តក្រុងដឹកមន្ត្រីក្នុងតំបន់ធ្វើដំណើរទៅកាន់ទីក្រុងកូឡុំបូកាលពីព្រឹកថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យជាតិកូឡុំបូបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥១នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានអំពើហិង្សានៅកន្លែងការតវ៉ានានា។ យោងតាមក្រុមការងាររបស់សារព័ត៌មាន CNN បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយនៅទីក្រុងកូឡុំបូ។ សមាជិកសភាស្រីលង្កាមួយរូបក្នុងចំណោមមនុស្ស ៥នាក់បានស្លាប់ ខណៈអំពើហិង្សាចេះតែរីកធំ៕
អត្ថបទ៖ សុខមាន