ប្រណាំងកង់៖ កីឡាករខ្មែរ-អាមេរិក ផាន់ ចូណាថាន់ ឬ Phan Johnny បានសម្ដែងអារម្មណ៍រំភើបរីករាយជាខ្លាំង ក្រោយបានធ្វើដំណើរមកដល់កម្ពុជា និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូនាពេលខាងមុខ។ Johnny ថា ខ្លួនបានត្រៀមរួចរាល់ដើម្បីចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ ជាមួយគោលដៅដណ្ដើមមេដាយមាសជូនជាតិទៀតផង។
ថ្លែងប្រាប់ BTV ក្រោយជួបសំណេះសំណាលជាមួយឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅទីស្ដីការក្រសួងកាលពីល្ងាចថ្ងៃទី០៩ ខែឧសភាម្សិលមិញ Johnny បានលើកឡើងថា នេះគឺជាក្ដីស្រមៃមួយដែលខ្លួនប៉ងមកប្រកួតតំណាងប្រទេសកំណើតរបស់ខ្លួន ហើយរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំងដើម្បីចូលរួមការប្រកួតនេះ។ ក្រឡេកមកចាប់អារម្មណ៍កីឡាករ-កីឡាការិនីហ្វឹកហាត់ដែលបោះជុំរុំហ្វឹកហាត់ក្នុងស្រុកនៅខេត្តសៀមរាបវិញ រួមមានកីឡាការិនី ខេន ម៉ាឡៃ និងកីឡាការិនី យត់ កន្និកា ក៏បានបង្ហាញនូវការតាំងចិត្តខ្ពស់ សម្រាប់ការត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ បន្ទាប់ពីមានការយកចិត្តទុកដាក់ និងហ្វឹកហាត់ត្រឹមត្រូវ ធ្វើឲ្យពួកគេមានទំនុកចិត្តនឹងធ្វើបានល្អ ដើម្បីស្វែងរកមេដាយជូនជាតិ។
ឯកឧត្តម កឹម សុខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងដើម្បីជាតិរបស់កីឡាករ-កីឡាការិនីគ្រប់រូប ពិសេសកីឡាករកូនខ្មែរនៅអាមេរិក Phan Johnny ដែលបានលះបង់ពេលវេលា និងការខំប្រឹងគ្រប់បែបយ៉ាងដើម្បីបានមកប្រកួតតំណាងជាតិ និងប្ដេជ្ញាដណ្ដើមមេដាយជូនជាតិ ប្រកបដោយឆន្ទៈស្នេហាជាតិខ្ពស់ ។ ក្នុងនោះនាមឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងផ្ដល់អនុសាសន៍ល្អៗ ឯកឧត្តម កឹម សុខុន ក៏បានឧបត្ថម្ភថវិកាដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន ១៣នាក់ក្នុងម្នាក់ ៨សែនរៀល មុនចាកចេញពីមាតុភូមិទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយនាពេលដ៏ខ្លីខាងមុខផងដែរ៕
អត្ថបទ៖ លី ឈុនឡា