រុស្ស៊ី៖ ឯកសារថតចម្លងបែកធ្លាយនៃការព្យាករណ៍ផ្ទាល់របស់វិមានក្រឹមឡាំងបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជិត ៣ទសវត្សរ៍មកនេះ ខណៈដែលប្រទេសនេះត្រូវបានប៉ះពាល់ដោយសារទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច។

ក្រសួងហិរញ្ញវត្ថុរុស្ស៊ីកំពុងព្យាករណ៍ការធ្លាក់ចុះ ១២% ក្នុង GDP នៅឆ្នាំនេះជាការធ្លាក់ចុះធំបំផុតចាប់តាំងពីឆ្នាំ១៩៩៤ នៅពេលប្រទេសនេះកំពុងផ្លាស់ប្ដូរទៅរករបបមូលធននិយម ក្រោមការដឹកនាំរបស់លោក Boris Yeltsin ជាប្រធានាធិបតីដំបូងគេក្រោយការដួលរលំសហភាពសូវៀត។ ឯកសារចម្លងលេចធ្លាយនេះនឹងដាក់សម្ពាធបន្ថែមទៀតលើលោក Vladimir Putin ដែលបានចូលរួមជាអធិបតីក្នុងទម្រង់ថ្មី នៃក្បួនព្យុហយាត្រាទិវាជ័យជម្នះប្រចាំឆ្នាំរបស់រុស្ស៊ី ដែលបង្ហាញពីការបញ្ចប់សង្គ្រាមលោកលើកទី២ នៅអឺរ៉ុប។

ប្រទេសរុស្ស៊ីត្រូវបានគ្របសង្កត់ដោយទណ្ឌកម្មធ្ងន់ធ្ងរ ក្រោយការចូលលុកលុយប្រទេសអ៊ុយក្រែនដែលនឹងត្រូវរងសម្ពាធបន្ថែមទៀត ខណៈទីក្រុងព្រូសសែលពិភាក្សាបម្រាមលើការនាំចូលប្រេងពីប្រទេសនេះ៕
អត្ថបទ៖ សុខមាន