ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បើកវេទិការផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសក្នុងស្រុក ដើម្បីពន្លឿនការអភិវឌ្ឍអាជីវកម្ម ឱ្យមានវិសាលភាពធំទូលំទូលាយ និងដើម្បីលើកកម្ពស់សហគ្រិនស្រ្តីឲ្យមានការរីកចំរើន ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ។
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមក្នុងកម្មវិធីវេទិការផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
គោលបំណងផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងចំណោមសកម្មភាពអាជីវកម្មជាច្រើន គឺដើម្បីពន្លឿនការអភិវឌ្ឍអាជីកម្មនៅកម្ពុជា ឲ្យមានវិសាលភាពធំទូលំទូលាយ កម្មវិធីមានការសហការណ៍រួមគ្នា រវាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូរពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុក និងសហគ្រិនស្រ្តីឲ្យមានការរីកចំរើន ក្នុងការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីប្រកួតប្រជែង និងជម្រុញទីផ្សារនាំចេញជាដើម។
វេទិការផ្គូផ្គងអាជីវកម្ម ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) មានការគាំទ្ររបស់ USAID និងអង្គការផេកកម្ពុជា ក្រោមគម្រោងសហគ្រិននារីសកម្ម (WE Act) មានរយៈពេល ១ឆ្នាំ ដោយត្រូវអនុវត្តនៅក្នុងរាជធានីខេត្តគោលដៅចំនួន ៤គឺ៖ រាជធានីភ្នំពេញ, ខេត្តកំពង់ចាម, ខេត្តសៀមរាប និងខេត្តកំពត។
ចំណែកការរៀបចំកម្មវិធីថ្ងៃនេះដែរ ក៏មានមតិចំណាប់អារម្មណ៍ និងចែករំលែកបទពិសោធន៍ របស់សហគ្រិនឆ្នើមទាំង ៤ និងមានការប្រគល់ពានសញ្ញាប័ត្រដល់សហគ្រិនទាំង១០នាក់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលផងដែរ៕អត្ថបទ៖ សុន រ៉ាឌី