ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានរៀបចំប្រជុំដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) ក្រោមប្រធានបទ "ការស្តារដីឡើងវិញ ការស្តារក្តីសង្ឃឹមឡើងវិញ (Restoring Land, Restoring Hope)"។
ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ និងប្រតិភូបច្ចេកទេសកម្ពុជា ដឹកនាំដោយឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានដីប្រកបដោយនិរន្តរភាព ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ។
សូមជម្រាបថា សន្និសីទ UNCCD COP17 បានប្រមូលផ្តុំតំណាងមកពីរដ្ឋភាគីចំនួន ១៩៧ប្រទេស ដែលរួមមាន៖ ប្រមុខរាជរដ្ឋាភិបាល អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ តំណាងវិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើការពង្រឹងសកម្មភាពជាសកល ដើម្បីទប់ស្កាត់ កាត់បន្ថយ និងបង្វែរស្ថានភាពធ្លាក់ចុះនៃគុណភាពដី ព្រមទាំងលើកកម្ពស់ការស្តារ និងអភិរក្សធនធានដី និងប្រព័ន្ធអេកូឡូស៊ី។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានផ្តោតលើការធានាសន្តិសុខស្បៀងសកល និងការការពារធនធានធម្មជាតិលើដី និងក្រោមដី ដែលជាគ្រឹះទ្រទ្រង់ជីវិត និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ទាំងបច្ចុប្បន្ន និងអនាគត។
ជាមួយគ្នានេះ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសន្និសីទ COP17 កម្ពុជាមានគោលដៅយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងសម្ព័ន្ធភាពរឹងមាំជាមួយដៃគូពហុភាគី និងសហគមន៍អន្តរជាតិ។ បន្ថែមពីនេះ កម្ពុជារំពឹងថានឹងស្រូបយកបទពិសោធន៍ជោគជ័យ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើបៗលើការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព ព្រមទាំងកៀរគរប្រភពទុន និងហិរញ្ញប្បទានបៃតងបន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងស្តារគុណភាពដី និងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានចីរភាព និងប្រសិទ្ធភាពខ្ពស់៕





