នំពេញ៖ អ្នកជំនាញគ្រប់គ្រងពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ការចូលរួមពីប្រជាពលរដ្ឋលើការបំពេញកាតព្វកិច្ចបង់ពន្ធ តាមរយៈដោយផ្ទាល់ ឬប្រយោល គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់អភិវឌ្ឍន៍ប្រទេសទាំងអស់គ្នា ។
ឯកឧត្ដមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងវេទិការ ស្ដីពីអាជីពការងារ ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ នាចុងសប្តាហ៍កន្លងមកថា ការចូលរួមបង់ពន្ធរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈដោយផ្ទាល់ ឬប្រយោលក្តី គឺជាការចូលរួមអភិវឌ្ឍន៍ប្រទេសយ៉ាងសំខាន់ ដើម្បីបង្កើនគ្រប់ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែរឹងមាំ ជាពិសេសការបង្កើននូវធនធានមនុស្សឲ្យកាន់តែសំបូរបែប ដើម្បីជម្រុញអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យកាន់តែខ្លាំងដូចបណ្តា ប្រទេសរីកចម្រើនមួយចំនួន។
ឯកឧត្ដមបណ្ឌិត លើកឡើងបន្តថា កាតព្វកិច្ចពន្ធដារ គឺជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ព្រោះធនធានពន្ធដារ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជនទាំងមូលផងដែរ ចំណែកធនធានមនុស្សក្នុងអាជីពនៃវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ក៏មានសារៈសំខាន់ផងដែរ សម្រាប់ជួយសម្រួលដល់ការប្រមូលពន្ធ និងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ប្រកបទៅបានដោយរលូន។
ក្នុងវេទិការនេះដែរ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានបន្ថែមទៀតថា គណនេយ្យ គឺជាមធ្យោបាយយ៉ាងសំខាន់ សម្រាប់ការដំណើរការនៃអាជីវកម្ម ក៏ដូចជាបម្រើការដល់ការប្រមូលពន្ធ ដើម្បីជាចំណូលរដ្ឋសម្រាប់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើការអនុវត្តគណនេយ្យប្រកបដោយគុណភាព និងស្តង់ដារ ការគ្រប់គ្រងអាជីវកម្មក៏ប្រកបទៅដោយជោគជ័យ រីឯការប្រមូលពន្ធ ក៏ធ្វើឡើងប្រកបដោយគុណភាព និងតម្លាភាពផងដែរ ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល៕អត្ថបទ៖ សុន រ៉ាឌី