ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រកាសថា ទិវាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៩ ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ប្រមូលមូលនិធិពីការបរិច្ចាគរបស់សប្បុរសជនជាតិ និងអន្តរជាតិ បានជាង ១៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនមួយដ៏ច្រើនក្នុងពេលវេលា នៃដំណាក់កាលវិបត្តិកូវីដ-១៩។
តាមរយៈសារសំឡេងនៅរសៀលថ្ងៃទី១០ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយអំណរ ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ព្រមទាំងសប្បុរជនជាតិ-អន្តរជាតិ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគថវិកា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២នេះ។

