ស្វាយរៀង៖ នៅឆ្នាំ២០២៣ ខាងមុខប្រជាពលរដ្ឋនៅក្នុងស្រុកកំពុងរោទិ៍ ស្រុករំដួល និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នឹងទទួលបានសមិទ្ធផលផ្លូវក្រាលបេតុងប្រភេទ DBST ថ្មីចំនួន៤ខ្សែ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលខ្សែផ្លូវថ្មីនេះនឹងរួមចំណែកយ៉ាង សំខាន់ដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានកាន់តែ ល្អប្រសើរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២នេះ បានដឹកនាំក្រុមការងារក្រសួងរួមមាន ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ, ព្រមទាំងមានការចូលរួមពី ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង រួមនឹងទីប្រឹក្សាគម្រោង និងមន្រ្តីបច្ចេកទេសគម្រោង បានចុះពិនិត្យនិងវាយតម្លៃការដ្ឋានស្ថាបនាខ្សែផ្លូវទាំង ៤ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិដែលរស់នៅតាមបណ្ដោយផ្លូវ ហើយពួកគាត់បានបង្ហាញក្ដីត្រេកអរចំពោះសមិទ្ធផលដែលទទួលបាននេះ។
គួរជម្រាបជូនថា គម្រោងស្ថាបនាផ្លូវជនបទចំនួន ៤ខ្សែ ដែលមានប្រវែងសរុប ៥៧,២០ គីឡូម៉ែត្រ ក្នុងខេត្តស្វាយរៀង សម្រេចបានលទ្ធផលប្រមាណ ៦០%ហើយ ដែលនឹងបញ្ចប់ការស្ថាបនា រួចរាល់ជាស្ថាពរនាឆ្នាំ ២០២៣ខាងមុខ។ ការស្ថាបនាកែលម្អផ្លូវទាំង៤ខ្សែនេះ ទទួលបានថវិកាគំាទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ADB , ធនាគារអាហរ័ណនីហរ័ណ នៃសាធារណរដ្ឋកូរ៉េ រួមទាំងថវិកា បដិភាគពីរដ្ឋរាជរដ្ឋាភិបាលកម្ពុជា៕








