រុស្ស៊ី៖ អាជ្ញាធរទីក្រុងបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង ១លាននាក់បានចូលរួមការដើរក្បួនកងវរសេនាធំអមតក្នុងទីក្រុងមូស្គូ។ បាតុករភាគច្រើនបានកាន់រូបថតសាច់ញាតិ ដែលបានប្រយុទ្ធក្នុងសម័យសង្គ្រាមលោកលើកទីពីរ ប៉ុន្តែមនុស្សមួយចំនួនក៏បានកាន់រូបថតរបស់អ្នកដែលបានចូលរួម ក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។

អ្នកចូលរួមហែក្បួនដែលមានកាន់រូបថតជាមួយបដាសរសេរថា វីរបុរសនៃសាធារណរដ្ឋប្រជាមានិត Donetsk បាននិយាយថា យើងបានសម្រេចចិត្តគាំទ្រអ្នកទាំងនេះ និងអរគុណពួកគេសម្រាប់ការការពារមាតុភូមិរបស់យើង។ បដាជាច្រើនអំពាវនាវសុំសន្តិភាពក៏ត្រូវបានគេឃើញនៅពេលហែក្បួននេះដែរ។ ស្ត្រីវ័យក្មេងម្នាក់ដែលមានកាន់បដាបាននិយាយថា កាលខ្ញុំនៅតូច ខ្ញុំតែងតែត្រូវបានគេប្រាប់ថា សង្គ្រាមអាក្រក់ណាស់ ដូច្នេះខ្ញុំគាំទ្រសន្តិភាព។ ទិវាជ័យជំនះដែលរុស្ស៊ីប្រារព្ធនៅថ្ងៃទី៩ ឧសភាគឺជាទិវាសំខាន់បំផុតរបស់ប្រទេស ដែលប្រារព្ធដោយមានក្បួនព្យុហយាត្រាយោធា និងការបាញ់កាំជ្រួចនៅទូទាំងតំបន់។ សហភាពសូវៀតបានបាត់បង់ជីវិតមនុស្ស ២៧លាននាក់ជាបន្តបន្ទាប់នៅក្នុងសង្គ្រាមលោកលើកទី២ ដែលប្រទេសនេះចាត់ទុកថាជាសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។
នៅថ្ងៃប្រារព្ធទិវាជ័យជំនះកាំជ្រួចបានបំភ្លឺនៅលើអាកាសនៅពេលយប់ក្នុងទីក្រុងមូស្គូ ជាផ្នែកមួយនៃការប្រារព្ធពិធីខួបលើកទី៧៧ ទិវាជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ ទិវាជ័យជំនះនេះធ្វើឡើងរៀងរាល់ថ្ងៃទី៩ ឧសភាគឺជាថ្ងៃសំខាន់បំផុតរបស់រុស្ស៊ីដែលប្រារព្ធនៅទូទាំងប្រទេស និងក្នុងប្រទេសជាច្រើននៃអតីតសហភាពសូវៀតដោយមានក្បួនដង្ហែ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួច៕
អត្ថបទ៖ ប៊ុនថន