ប្រតិភូធុរកិច្ចអន្តរជាតិមកពីប្រទេសជប៉ុន សិង្ហបុរី និងហុងកុង ស្វែងយល់ពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតឱកាសបណ្តាក់ទុនវិនិយោគរួមគ្នា លើវិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម កែច្នៃចំណីអាហារ និងកសិផល។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូធុរកិច្ចអន្តរជាតិអញ្ជើញមកពីប្រទេសជប៉ុន សិង្ហបុរី និងហុងកុង ដែលជាដៃគូធុរកិច្ចរបស់ ក្រុមហ៊ុន Bayon Heritage Holding Group ក៏ដូចជាក្រុមហ៊ុន Signature Rice Co., Ltd. ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលពីឧកញ៉ា ចាន់ សុខឃាំង នាយកប្រតិបត្តិក្រុមហ៊ុន Bayon Heritage Holding Group ព្រមទាំងជាសហស្ថាបនិក/នាយកប្រតិបត្តិ ក្រុមហ៊ុន Signature Rice Co., Ltd. (Signature of Asia) ក្នុងគោលបំណងផ្តល់ឱកាសឱ្យដៃគូធុរកិច្ចអន្តរជាតិរបស់ខ្លួន បានស្វែងយល់បន្ថែមឱ្យបានលម្អិត និងស៊ីជម្រៅដោយផ្ទាល់ ពីថ្នាក់ដឹក នាំជាន់ខ្ពស់នៃ ក.អ.ក. អំពីកាលានុវត្តភាពវិនិយោគ គោលនយោបាយលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នាលើវិស័យសក្តានុពលសំខាន់ៗ ជាពិសេសវិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែ ច្នៃចំណីអាហារ និងកសិផល (ដូចជាស្រូវ-អង្ករ និងគ្រាប់ស្វាយចន្ទី) សំដៅជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ព្រមទាំងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធភស្តុភារកម្មផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូល បានសង្ខេបអំពីជំនាញឯកទេស, ផលិតផល, ប្រតិបត្តិការអាជីវកម្ម, សាវតានៃការបោះទុននៅកម្ពុជា, ព្រមទាំងការចាប់ដៃសហការជាមួយក្រុមហ៊ុន Bayon Heritage Holding Group ក៏ដូចជាក្រុមហ៊ុន Signature Rice Co., Ltd និងការសម្លឹងមើលឱកាសពង្រីកវិសាលភាពវិនិយោគបន្ថែម។
សូមជម្រាបថា គណៈប្រតិភូធុរកិច្ចអន្តរជាតិមកពីប្រទេសទាំង៣រួមមាន៖ ១. ក្រុមហ៊ុន Agro Ludens Inc. (ជប៉ុន) ឯកទេសលើ វិស័យកសិ-ពាណិជ្ជកម្ម និងកសិ-បច្ចេកវិទ្យា (Agri-tech) ដោយផ្តោតលើការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ ការបង្កើនតម្លៃបន្ថែមដល់ កសិផល និងការតភ្ជាប់ទីផ្សារកសិផលទៅសហគមន៍អន្តរជាតិ។ ក្រុមហ៊ុននេះបានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Signature Rice Co., Ltd. តាមរយៈការផ្គូរផ្គង នៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញវិនិយោគនៅប្រទេសជប៉ុន កាលពីខែមិថុនា កន្លងទៅ។
២. ក្រុមហ៊ុន Olam Food Ingredients (សិង្ហបុរី) មានឯកទេសលើឧស្សាហកម្មគ្រឿងផ្សំចំណីអាហារ និងភេសជ្ជៈធម្មជាតិ កម្រិត សកល ជាពិសេសការកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី និងកាកាវធំមួយក្នុងពិភពលោក។ និង ៣. ក្រុមហ៊ុន Meridian International Holding (ហុងកុង) ឯកទេសលើការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគពហុ វិស័យ។ ក្រុមហ៊ុនមានបទពិសោធន៍បណ្តាក់ទុនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជាលើវិស័យអចលនទ្រព្យ និងសំណង់អគារពាណិជ្ជកម្មកម្រិតប្រណិតដូចជា Flatiron By Meridian ជាដើម៕អត្ថបទ៖ សុន រ៉ាឌី,





