បាល់ទាត់៖ ខ្សែប្រយុទ្ធណ័រវេយ Erling Haaland កាន់តែកៀកក្នុងការផ្លាស់មកកាន់ក្របខណ្ឌ English Premier League ហើយខណៈក្លិបបាល់ទាត់ Manchester City នឹងប្រកាសពីកិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះ។

សារព័ត៌មានកីឡាធំៗនៅអឺរ៉ុបបានចុះផ្សាយថា តម្លៃនៃការផ្ទេរ ៦៣លានផោននាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះត្រូវបានយល់ព្រមដោយ Borussia Dortmund ហើយតែ Manchester City សុំមិនឆ្លើយតបនឹងសារព័ត៌មានដែលចុះផ្សាយព្រោងព្រាតនេះ។ ផ្ទុយទៅវិញពួកគេបែរជានិយាយថា កិច្ចព្រមព្រៀងមិនទាន់ស្រេចបាច់នៅឡើយទេ។ ភ្នាក់ងារក្នុងការផ្ទេរ Erling Haaland ក៏មានពាក់ព័ន្ធនឹងលោក Mino Raiola ដែរដែលបានបាត់បង់ជីវិតទៅហើយកាលពីដើមខែ ដែលធ្វើឱ្យដំណើរការផ្ទេរមានការយឺតយ៉ាវមកដល់ពេលនេះ។
រំលឹកថា Erling Haaland បានស្ថិតក្នុងគោលដៅរបស់ Manchester City ច្រើនខែមកហើយ និងបានក្លាយជាបេក្ខភាពជួរមុខ បន្ទាប់ពីក្លិបជើងឯក Premier League មួយនេះបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane កាលពីដើមរដូវកាល។ Erling Haaland បានបង្ហាញខ្លួនឱ្យក្លិបដើម Molde នៅប្រទេសណ័រវេយ Red Bull Salzburg នៅអូទ្រីស និង Dortmund នៅអាល្លឺម៉ង់សរុប ១២១ប្រកួត និងស៊ុតបញ្ចូលទីបានសរុប ៩២គ្រាប់។ Haaland ក៏បានក្លាយជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីបាន ២០គ្រាប់នៅក្របខណ្ឌ UEFA Champions League ផងដែរ៕
អត្ថបទ៖នាង សុភាវុធ